Cctimesw1140xh150cm copy

តុលាការផ្តន្ទាទោស ជនជាតិចិនបើករថយន្តបុកមនុស្សម្នាក់ស្លាប់ ដាក់ពន្ធនាគារ ២ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។

ជនត្រូវចោទឈ្មោះ FU ZHONG HUA ភេទប្រុស ជាជនជាតិចិន ត្រូវបានតំណាងអយ្យការបានសម្រេចចោទប្រកាន់ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៨៦ mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទ.រត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤ នាទីរំលងអាធ្រាត្រឈ្មោះ FU ZHONG HUA បានបើករថយន្តមួយគ្រឿងម៉ាក LAM BORHINI HURACAN STO ព័ណទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R 999 ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហពន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាល់កុល ០.៨៦ mg/L លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរដោយស្របទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ ជាជនជាតិចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង