ភ្នំពេញ៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ជ្រើសរើសនិស្សិតចំនួន ១០រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ (៤+១) នៅសាកលវិទ្យាល័យស្ថិតនៅក្នុងទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន ដែលមានរយៈពេល៥ឆ្នាំ (ថែមថ្នាក់ភាសាចិន១ឆ្នាំ) គិតចាប់ពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៩។ សម្រាប់ពេលវេលាដាក់ពាក្យ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្ស-និស្សិតចំនួន ១០រូប ឆ្នាំសិក្សា២០២៤-២០២៩។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនេះ មានថ្លៃសិក្សា និងថ្លៃស្នាក់នៅ រយៈពេល៥ឆ្នាំពេញ។ ឯកសារចាំបាច់ សម្រាប់ស្នើសុំ រួមមាន៖ លិខិតឆ្លងដែន, សញ្ញាបត្របាក់ឌុប (បកជាចិន ឬអង់គ្លេស), លិខិតបញ្ជាក់កិរិយាមាយាទ (បកជាចិន ឬអង់គ្លេស), ព្រឹត្តិបត្រពិន្ទុថ្នាកទី១០ ទី១១ និងទី១២, លិខិតបញ្ជាក់សុខភាព (ទម្រង់ភាសាចិន), ផែនការសិក្សាជាភាសាអង់គ្លេស, និងលិខិតឧទ្ទេសនាមពីលោកគ្រូ/អ្នកគ្រូចំនួន២រូប (ជាភាសាអង់គ្លេស)។
នៅពេលដែលបេក្ខជនបានដាក់ពាក្យ និងប្រគល់ឯកសារគ្រប់រួចហើយ បេក្ខជនតម្រូវមានការសម្ភាស ជាមួយគណៈកម្មការជ្រើសរើសរបស់សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន។ ដូច្នេះបេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍ថ្នាក់ភាសាចិន សូមទំនាក់ទំនងមក ការិយាល័យសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (ជាន់ទី៣ បន្ទប់០០៥ អគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា)៕