ប៉ាតានី៖ ប៉ូលិសថៃបានស្ទាក់ចាប់ថ្នាំញៀនមេតំហ្វេតាមីនជាង ១,៤ លានគ្រាប់ ដែលជនល្មើសកំពុងដឹកឆ្ពោះទៅប្រទេសម៉ាឡេស៊ី។ ក្នុងប្រតិបត្តិការដ៏ក្តៅនេះប៉ូលីសថៃបានចាប់ខ្លួនអ្នករត់ពន្ធគ្រឿងញៀនចំនួន ៤នាក់។
ឧត្តមសេនីយ៍ទោ Nitinai Langyanai មេបញ្ជាការប៉ូលិសភូមិភាគទី៩ បាននិយាយថា ប្រតិបត្តិការរួមគ្នានេះក៏មានការចូលរួមពីអាជ្ញាធរខេត្តប៉ាតានី ក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន និងយោធាផងដែរ។ជនសង្ស័យទាំងបួននាក់ត្រូវបានស្ទាក់ចាប់នៅក្នុងរថយន្តចំនួន ៣គ្រឿងដែលផ្ទុកថង់ចំនួន ៣៥០ ដែលមានថ្នាំគ្រាប់ជាង ១,៤ លានគ្រាប់ ទម្ងន់ប្រហែល ៣៥០ គីឡូក្រាម ដែលមានតម្លៃប្រហែល ៨០លានបាត។
អាជ្ញាធរថៃបានចុះត្រួតពិនិត្យរថយន្តទាំង៣គ្រឿងដែលសង្ស័យដឹកគ្រឿងញៀនដោយប្រទះឃើញនៅស្ថានីយប្រេងមួយក្នុងក្រុងសុងក្លា ។ ការកំណត់អត្តសញ្ញាណបានអនុញ្ញាតឱ្យប៉ូលីសស្ទាក់ចាប់ពួកគេនៅពេលពួកគេចូលទៅក្នុងប៉ាតានី។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯក តាត អាយុ៤១ឆ្នាំ អាតិត អាយុ៤៣ឆ្នាំ អាណាន់ចាវ៉ាត អាយុ៣៥ឆ្នាំ និងឈ្មោះ សោម ឆៃ អាយុ២៧ឆ្នាំ ពួកគេទាំងអស់បានសារភាពថា ខ្លួនពិតជាបានដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ក្នុងចេតនាចែកចាយបន្តពិតប្រាកដមែន៕