ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ ។ជាជំនួបដើម្បីសាកសួសុខទុក្ខគ្នា និង ដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។ក្នុងជំនួបនោះ សម្តេចបានស្នើសុំជាថ្មីម្តងទៀត ដើម្បីបានជួបលោកស្រី អោង សានស៊ូជី។
ក្នុងជំនួបនោះសម្តេច ហ៊ុន សែន បានស្នើជាថ្មីម្តងទៀតឱ្យ លោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេច និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេច និង លោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។សម្តេច ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និង ជាម្ចាស់។
បើតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។
លោក មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិប្បធម៌ និងកីឡា។