Cctimesw1140xh150cm copy

មន្រ្តីរាជការម្នាក់លើកឡើងចំនួន៥ចំណុចនៃ«គម្រោងព្រែកជីក ហ្វូណន-តេជោ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ហុក សុភា ក្នុងនាមជាមន្រ្តីរាជការម្នាក់ ចេញផ្សាយអត្ថបទ ស៊ីជម្រៅនៃ «គម្រោងព្រែកជីក ហ្វូណន-តេជោ»។ក្នុងអត្ថបទនោះ លោកបានលើកឡើងចំនួន៥ចំណុចទី ១-គុណបំណាច់ និងកេរដំណែលសង្គ្រាម ទី២-តើនរណាជាអ្នករំលោភបំពានលើច្បាប់ទន្លេអន្តរជាតិ? ទី៣- តំលៃនៃមិត្តភាព? ទី៤-ការវាយតំលៃពីផលប៉ះពាល់បរិស្ថាន ទី៥ ៥-ដំណោះស្រាយចំពោះមុខ។ក្នុងអត្ថបទនោះមានដូចតទៅ៖

១-គុណបំណាច់ និងកេរដំណែលសង្គ្រាម

គម្រោងព្រែកជីកហ្វូណន-តេជោ ដែលមានតំលៃប៉ាន់ស្មាន ១៧០០ លានដុល្លារ មានប្រវែង១៨០ គីឡូមែត្រ ដោយតភ្ជាប់ទន្លេបាសាក់ កាត់តាមខេត្តចំនួន៤ ឆ្ពោះទៅកាន់ខេត្តឆ្នេរសមុទ្រកែប ត្រូវបានចាត់ទុកថាជាកិច្ចប្រឹងប្រែងប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការព្យាយាមងាកចេញពីឥទ្ធិពលរបស់មិត្ត ដែលមិនស្មោះត្រង់ និងតែងតែកេងយកចំណេញពីកម្ពុជាលើគ្រប់

វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច ជនអន្តោប្រវេសន៌។ មិត្តនេះបន្តលើកឡើងម្តងហើយម្តងទៀតពីគុណបំណាច់របស់កងទ័ពស្ម័គ្រចិត្តខ្លួនក្នុងការផ្តួលរំលំរបបអាវខ្មៅ និងជួយកម្ពុជាឱ្យបានរស់រានឡើងវិញ។

កម្ពុជាមិនបានភ្លេចគុណវៀតណាមលើបញ្ហានេះ តែភាគីវៀតណាមក៏ត្រូវតែចាំផងដែរថា បើមិនមានជំនួយ និងតួនាទីរបស់កម្ពុជាទេ វៀតណាមក៏មិនអាចធ្វើការបង្រួបបង្រួមទឹកដីរបស់ខ្លួននៅក្នុងឆ្នាំ ១៩៧៥ បានដែរ។ ផ្លូវលំហូជីមីញ (Hochiminh Trail) ដែលរត់កាត់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមខាងត្បូង ពីខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី កំពង់ចាម ជាបណ្តាញផ្លូវយុទ្ធសាស្រ្តក្នុងការដឹកស្បៀង អាវុធ កំលាំងទ័ពចុះពីភាគខាងជើងវៀតណាម មកផ្គត់ផ្គង់ដល់ចលនារំដោះវៀតណាមខាងត្បូង វៀតកុង ហើយកម្ពុជាត្រូវរងការទំលាក់គ្រាប់ពីយន្តហោះ បេ៥២ របស់អាមេរិក ដែលបានបំផ្លាញ

ហេដ្ឋារចនាសម្ព័ន្ធ អាយុជីវិត ដង្ហើមសេដ្ឋកិច្ចនានារបស់កម្ពុជា។

ក្រោយពេលរងការទំលាក់គ្រាប់ជាច្រើនពាន់តោនតាមបណ្តោយផ្លូវលំនេះ កងទ័ពវៀតកុង បានធ្វើចលនាចូលជ្រៅមកក្នុងទឹកដីកម្ពុជាអព្យាក្រឹត ហើយបានទាញទំលាក់កម្ពុជាចូលទៅក្នុងសង្រ្គាមឥណ្ឌូចិនលើកទី២ (១៩៥៥-១៩៧៥)។ រដ្ឋាភិបាលនិយមអាមេរិករបស់លោកសេនាប្រមុខលន់ នល់ ត្រូវខ្ចីលុយអាមេរិកមកទិញសព្វាវុធធ្វើសង្រ្គាមប្រឆាំងចលនាខ្មែរក្រហម និងវៀតកុង ហើយដែលលុយនេះអាមេរិកចាត់ទុកជាបំណុលដោយបង្ខំឱ្យរាជរដ្ឋាភិបាលបច្ចុប្បន្នសង។ វាហាក់ដូចជារឿងកំប្លែងប្រវត្តិសាស្រ្តដ៌ឈឺចាប់មួយដែលរដ្ឋាភិបាលសេនាប្រមុខលន់ នល់ ខ្ចីលុយអាមេរិក ដើម្បីធ្វើសង្រ្គាមឱ្យអាមេរិក បំរើបុព្វហេតុអាមេរិក បែរជាអាមេរិកចាប់ឱ្យជនរងគ្រោះពីការទំលាក់គ្រាប់បែករបស់ខ្លួនសងបំណុលនេះទៅវិញ។

ក្នុងនាមជាមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស ហើយដើរទេសនាលើពិភពលោកពីស្តង់ដារសិទ្ធមនុស្ស និងសិទ្ធប្រជាពលរដ្ឋ យ៉ាងហោចណាសក៏អាមេរិកបង្ហាញពីការទទួលខុសត្រូវផ្នែកសីលធម៌ (Moral Responsibility) ចំពោះការទំលាក់គ្រាប់បែកសំលាប់ប្រជាជនកម្ពុជា។ យើងមិនភ្លេចគុណបំណាច់នានានាពេលកន្លងមករបស់ជំនួយអាមេរិកដល់កម្ពុជា ជាពិសេសការផ្តល់ប្រព័ន្ធ GSP ដល់កម្ពុជា (ដែលត្រូវចប់តាំងពីឆ្នាំ ២០២០ ហើយមិនទាន់បន្តឡើងវិញនៅឡើយទេ) តែបើនិយាយពីសំណងសង្រ្គាមវិញ អាមេរិកត្រូវសងកម្ពុជាច្រើនណាស់។ តែជាអកុសល សំណងសង្រ្គាមអនុវត្តចំពោះតែអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។

២-តើនរណាជាអ្នករំលោភបំពានលើច្បាប់ទន្លេអន្តរជាតិ?

បច្ចុប្បន្ននេះ ក្នុងពេលដែលប្រជាជនកម្ពុជាបង្ហាញពីការឯកភាព សាមគ្គី រួបរួមជាតិ ដែលមិនធ្លាប់មានពីមុនមកក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត លើគម្រោងព្រែកជីក ដែលកម្ពុជាបានគោរពតាមគោលការណ៌ទាំងស្រុងក្នុងការប្រើប្រាស់ទន្លេអន្តរជាតិ ស្រាប់តែ

វៀតណាម និងអាមេរិក រួមជាមួយបណ្តាញព័ត៌មានដែលតែងតែមើលឃើញតែរូបភាពខ្មៅងងឹតពីកម្ពុជា ធ្វើការវាយប្រហារ រិះគន់ បន្ទុចបង្អាក់គម្រោងព្រែកជីកនេះ។ ចំពោះអាមេរិក សូមក្រឡេកមើលទៅលើការប្រើប្រាស់ទឹកទន្លេខូឡូរ៉ាដូ ផង ដែលផ្នែកខាងក្រោមនៅក្នុងទឹកដីម៉ិចស៊ីច បាតទន្លេនេះបានក្លាយជាវាលភក់ និងជាវាលខ្សាច់ស្ងួតហួតហែង ដែលនេះជាផលវិបាកនៃការកេងយកចំណេញពីការប្រើប្រាស់ទឹកទន្លេខូឡូរ៉ាដូរបស់អាមេរិក។ អាមេរិកបានសាងសង់ទំនប់ស្កាត់យកទឹកពីទន្លេនេះ ចំនួន១៥ និងទំនប់រាប់រយទៀតពីដៃទន្លេនេះ ដើម្បីបំពេញតម្រូវការលើវិស័យកសិកម្ម ឧស្សហកម្ម វ៉ារីអគ្គីសនី និងផ្គត់ផ្គង់ការប្រើប្រាស់ទឹកដល់រដ្ឋចំនួន៧ (Arizona, California, Colorado, Nevada, New Mexico, Utah and Wyoming) ដោយមិនបានយកចិត្តទុកដាក់ដល់ការគោរពច្បាប់ការប្រើប្រាស់ទន្លេអន្តរជាតិឡើយ។

៣- តំលៃនៃមិត្តភាព?

ចំពោះវៀតណាម ខ្ញុំចាំពាក្យស្លោកមួយយ៉ាងច្បាស់តាំងពីរៀននៅបឋមសិក្សាថា “ ភ្នំទ្រឿងសឹង អាចរលំរលាយបាន ទន្លេមេគង្គអាចរឹងស្ងួតបាន តែមិត្តភាពកម្ពុជា-វៀតណាម មិនអាចរលំរលាយបានឡើយ”។ មិត្តភាពនេះប្រៀបបានអណ្តាត និងធ្មេញ និងចានដែលនៅក្នុងរាវជាមួយគ្នា ដែលតែងតែប៉ះទង្គិចគ្នា តែមិនអាចបែកចេញពីគ្នាឡើយ។ ដូចនេះ វៀតណាមគួរយល់ពីតម្រូវការរបស់កម្ពុជាក្នុងការបង្កើតឡើងនៅស្វ័យភាពដង្ហើមសេដ្ឋកិច្ចរបស់ខ្លួន ហើយសង្ឃឹមថាកត្តានេះនឹងមិនប៉ះពាល់ដល់មិត្តភាពកម្ពុជា-វៀតណាមឡើយ។ អ្វីដែលកម្ពុជាចង់បានគឺមិត្តភាពដែលស្មើភាព មិត្តភាពដែលជួយគ្នា មិត្តភាពដែលមានវិបុលភាពរួមគ្នា មិនមែនមិត្តភាពដែលកេងចំណេញពីគ្នាទេ។ កន្លងមក ការដឹកទំនេញឆ្លងកាត់ផ្លូវទឹកតាមដីសណ្តទន្លេមេគង្គតែងតែត្រូវភាគីវៀតណាមបង្កឧបសគ្គលើលិខិតស្នាមនានា ហើយពេលខ្លះមិនអនុញ្ញាតឱ្យនាវាដឹកទំនិញរបស់កម្ពុជាចាកចេញដោយយកលេសផ្សេងៗធ្វើឱ្យទំនេញប្រពៃណីរបស់កម្ពុជាខូចគុណភាព ត្រូវបង់ថ្លៃរយះពេលរាំងស្ទះនៅវៀតណាម ដែលធ្វើឱ្យកម្ពុជាខាតសេដ្ឋកិច្ចជាច្រើន។

៤-ការវាយតំលៃពីផលប៉ះពាល់បរិស្ថាន

ចំពោះផលប៉ះពាល់បរិស្ថាន ឬថាព្រែកជីកកម្ពុជានឹងបង្ហូរទឹកសាបពីទន្លេមេគង្គចូលទៅសមុទ្រដោយធ្វើឱ្យប៉ះពាល់ដល់បរិមាណទឹកទន្លេមេគង្គហូរទៅវៀតណាម យោងតាមបទសម្ភាសរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយ CNBC របស់អាមេរិកនៅថ្ងៃទី២៩ ខែមេសា កន្លងទៅ ឯកឧត្តមបានបញ្ជាក់ច្បាស់ថា កម្ពុជាបានជួលអ្នកជំនាញ និងអ្នកប្រឹក្សាយោបល់អន្តរជាតិចំនួន ៤៨ នាក់ មកធ្វើការសិក្សាវាយតំលៃពីគម្រោងព្រែកជីកនេះ ហើយចំពោះថាតើនឹងមានបរិមាណទឹកទន្លេមេគង្គប៉ុន្មានហូរចេញតាមព្រែកជីកហ្វូណន-តេជោ ឯកឧត្តមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ទឹកទន្លេមេគង្គហូរចូលទៅ

សមុទ្រតាមផ្លូវទឹកដីសណ្តទន្លេមេគង្គក្នុងបរិមាណ ៨០០០ ម៉ែត្រគីបក្នុង១វិនាទីជារៀងរាល់ថ្ងៃ។ ដោយឡែកទឹកសាបនឹងហូរចេញពីព្រែកជីកហ្វូណន-តេជោ ក្នុងបរិមាណតែ ៣,៦ ម៉ែត្រគីបក្នុង១វិនាទីប៉ុណ្ណោះជារៀងរាល់ថ្ងៃ ដែលមានន័យថា ផលប៉ះពាល់នេះ គឺមិនដល់ ០,០៦ ភាគរយផង បើប្រៀបធៀបទៅនឹងបរិមាណទឹកទន្លេមេគង្គហូរចូលទៅក្នុងសមុទ្រនាពេលសព្វថ្ងៃនេះ។ ម៉្យាងវិញទៀត ព្រែកជីកនេះ គឺស្ថិតក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ ហើយយើងគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេដោយហ្មត់ចត់ ពោលគឺយើងមិនត្រឹមតែមិនប្រើដៃរបស់ទន្លេប៉ុណ្ណោះទេ តែយើងប្រើដៃរបស់ដៃទន្លេមេគង្គថែមទៀតផង។

៥-ដំណោះស្រាយចំពោះមុខ

តាមការវាយតំលៃព្រែកជីកហ្វូណន-តេជោ នឹងត្រូវចំណាយពេល ៤ ឆ្នាំ។ ប៉ុន្តែរយះពេល ៤ ឆ្នាំរហូតដល់គម្រោងត្រូវបានបញ្ចប់ យើងអាចប្រមើលមើលពីឧបសគ្គនៃការនាំទំនិញរបស់យើងតាមផ្លូវទឹកឆ្លងកាត់តាមវៀតណាម។ គេនឹងបង្កឧបសគ្គដល់ដង្ហើមសេដ្ឋកិច្ចកម្ពុជាតាមរយះការធ្វើឱ្យស្មុកស្មាញនិតិវិធីឆ្លងកាត់ទំនិញនានា ដែលយើងត្រូវបង់តំលៃបន្ថែមដែលធ្វើឱ្យទំនិញរបស់យើងមានតំលៃកើនឡើង ហើយឈានទៅបាត់បង់ការប្រកួតប្រជែងទាំងស្រុង។

ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលគួរមានជម្រើសផ្សេងទៀត ដើម្បីកាត់បន្ថយការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ប្រទេសវៀតណាម។ ក្នុងចំណោមជម្រើសនានា ការកែប្រែកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្លូវហាយវ៉េ ភ្នំពេញ-ព្រះសីហនុ ក្នុងការបញ្ចុះតំលៃប្រើប្រាស់ផ្លូវនេះ ដើម្បីឲ្យរថយន្តដឹកទំនិញឡើងមកប្រើប្រាស់ផ្លូវនេះ ដោយមិនចំណាយខ្ពស់ដូចពេលបច្ចុប្បន្ន ដែលមានតំលៃពី១៥ដុល្លារ ដល់៧៥ដុល្លារទៅតាមប្រភេទរថយន្ត ជាជម្រើសល្អមួយដែរ។ ទន្ទឹមគ្នានេះដែរ ផ្លូវរថភ្លើងបច្ចុប្បន្នត្រូវបានលើកកំរិតគុណភាព ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន Royal Railway Cambodia បានទិញក្បាលរថភ្លើងល្បឿនលឿនចំនួន១១ គ្រឿងពីជប៉ុន ដែលតាមអ្នកនាំពាក្យក្រសួងសាធារណការបានបង្ហាញពីសុទិដ្ឋិនិយមថា មានល្បឿនលឿន សុវត្ថិភាព តំលៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។ ខ្ញុំសង្ឃឹមថា ជាមួយនឹងការមកដល់នៃក្បាលរថភ្លើងនេះ យើងនឹងអាចកាត់បន្ថយការដឹកទំនិញកាត់តាមប្រទេសវៀតណាម៕

ដោយ ហុក សុភា (ស្មេរជាមន្រ្តីរាជការម្នាក់។ រាល់មតិយោបល់ដែលបង្ហាញនៅក្នុងអត្ថបទនេះ ជាការយល់ឃើញផ្ទាល់ខ្លួនតែប៉ុណ្ណោះ។)

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង