Cctime 6monthsfree desktop
Cc times  web banner kh (2)

កសិករចិនវ័យក្មេងប្រើបច្ចេកវិទ្យាជួយសម្រួលដល់ការដាំដុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កសិករវ័យក្មេងនៅក្នុងខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេសចិនកំពុងធ្វើបដិវត្តន៍ផលិតកម្មកសិកម្មតាមរយៈបច្ចេកវិទ្យាច្នៃប្រឌិត និងគំរូអាជីវកម្ម។កាលពី ២ ឆ្នាំមុនលោក Tang Xinchen ដែលមានវ័យ ២៨ ឆ្នាំបានជ្រើសរើសការលាលែងពីក្រុមហ៊ុនអ៊ីនធឺណេតនៅទីក្រុង Chengdu រាជធានីនៃខេត្ត ហើយធ្វើការជាកសិករគ្រប់គ្រងចំការ១៣ ហិកតា និងវាលស្រែទំហំ៦៦ ហិកតានៅក្នុងស្រុក របស់លោក។ លោកបានប្រើបច្ចេកវិទ្យាទំនើបផ្សេងៗមានដូចជាយន្តហោះដ្រូនដើម្បីស្រោចស្របដំណាំ និងកាត់បន្ថយកម្លាំងពលកម្ម បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការងារដល់រូបលោក។

លោក Tang Xinchen

លោក Tang Xinchen បានថ្លែងប្រាប់សារព័ត៌មានរដ្ឋចិន CCTV ថាកាលពីដើមដំបូង ខ្ញុំគ្រាន់តែចង់បង្កើតអាជីវកម្មខ្លួនឯង និងស្វែងយល់ពីវិស័យថ្មីៗនៃការដាំដុះនឹងបង្កើតការងារជូនកសិករក្នុងតំបន់តែប៉ុណ្ណោះ។ ក្នុងអំឡុងពេលលាឈប់ពីការងារកន្លែងចាស់នោះ ខ្ញុំបានត្រលប់មកសហការជាមួយសហគ្រាសក្នុងស្រុក ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក។ តាមរយៈការស្រាវជ្រាវស៊ីជម្រៅ ខ្ញុំបានរកឃើញថា យើងប្រឈមមុខនឹងបញ្ហាជាច្រើនដែលយើងត្រូវតែប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយសម្រួលការដាំដុះ។

លើសពីនេះ លោកបានអនុវត្តនូវបច្ចេកវិទ្យា និងយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិធីសាស្ត្រកសិកម្មបែបប្រពៃណី។លោក Tang បាននិយាយថា នៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាក្នុងដាំដុះវាបានជួយសន្សំសំចៃពេលវេលា នឹងកម្លាំងញើសឈាមរបស់មនុស្សជាច្រើន។

វីដេអូខ្លីរបស់លោកដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងការដាំដុះទទួលបានការចូលមើលរាប់សិបលានដង។ កាលពីឆ្នាំមុន ផ្លែក្រូចជាង ៥ម៉ឺនគីឡូក្រាម និងគីវី ៥ម៉ឺនគីឡូក្រាម ត្រូវបានលក់ចេញ។ ការប្រើប្រាស់វិធីសាស្រ្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមជាមួយនឹងការផ្សព្វផ្សាយតាមអ៊ីនធឺណិត បានផ្លាស់ប្តូរការយល់ដឹងរបស់អ្នកភូមិ និងនាំឱ្យពួកគាត់រកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: កសិកម្មចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង