
វៀតណាម៖ ត្រីរាប់សែនក្បាលបានងាប់នៅក្នុងបឹងមួយកន្លែងក្នុងខេត្ត ដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម ត្រីអណ្តែតពាសពេញបឹងនេះដោយសារតែរលកកម្តៅក្នុងប្រទេសវៀតណាមកើនដល់ជាង ៤០អង្សាសេ។ ពលរដ្ឋក្នុងតំបន់ត្រីងាប់បានសម្តែងការព្រួយបារម្ភជាខ្លាំងដោយសារតែមិនមានភ្លៀងធ្លាក់ ហើយកម្តៅកាន់តែកើនឡើងខ្លាំងទៅៗដែលប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ពួកគាត់ជាខ្លាំង។

យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមត្រីក្នុងបឹង សុងម៉ៃ ដែលមានទំហំ៣០០ហិកតាជាច្រើនសែនក្បាលបានងាប់បន្ទាប់ពីរលកកម្តៅបានវាយប្រហារប្រមាណជាងមួយខែជាងមកនេះ នៅក្នុងខេត្តដុងណៃ មិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍មកហើយ ហើយទឹកនៅក្នុងអាងមានកម្រិតទាបជាខ្លាំងដែលមិនអាចឲ្យសត្វរស់នៅបាន។

មន្រ្តីក្នុងតំបន់រងគ្រោះវៀតណាមលោក Nghia បាននិយាយថាការគ្រប់គ្រងអាងស្តុកទឹកពីមុនបានបង្ហូរចេញដើម្បីព្យាយាមជួយសង្គ្រោះដំណាំនៅខាងក្រៅក៏ប៉ុន្តែលោកមិនអាចផ្គត់ផ្គង់ទឹកក្នុងការបង្ហូរចេញទៅក្រោយបានទាន់ពេល និងជួយសង្រ្គោះត្រីទាំងនោះបានទាន់ពេលវេលាឡើយដោយសារតែកម្តៅបានធ្វើឲ្យតំបន់នោះក្តៅខ្លាំងរហូតដល់ប្រែក្លាយជាគោកមិនមានទឹក៕

