ភ្នំពេញ៖ ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋបរិភោគទឹកស្អាត, រក្សាអនាម័យខ្លួនប្រាណ និងម្ហូបអាហារ, ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅព្រះអាទិត្យ និងចៀសវាងការស្លៀកពាក់ក្រាសៗពេក, និងចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង ដើម្បីចៀសវាងការខ្សោះជាតិទឹក ជំងឺបេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។
កន្លងមកក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ពលរដ្ឋពីការការពារសុខភាពក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងទាក់ទងជាមួយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ដើម្បីឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីឱ្យបានសមស្រប មានសុវត្ថិភាព និងរក្សាសុខភាព ក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងនៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល ក្រើនរំលឹក ដល់ពលរដ្ឋឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់លើសពី ២លីត្រ ក្នុងមួយថ្ងៃ។
ជាមួយគ្នានោះ ពលរដ្ឋត្រូវរក្សាអនាម័យខ្លួនប្រាណ ទុកដាក់ម្ហូបអាហារមានគម្របត្រឹមត្រូវ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញាំអាហារ និងក្រោយចេញពីបង្គន់។ចៀសវាងការពិសារជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអីន ជាតិស្ករ អំបិលច្រើនដែលនាំឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។ ជាពិសេស ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅព្រះអាទិត្យ ចៀសវាងការស្លៀកពាក់ក្រាសៗពេក ចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង។
លើសពីនេះ ពលរដ្ឋត្រូវ កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យពួកគេ ព្រមទាំងផ្ទះរបស់ពួកគេកាន់តែក្ដៅ។ រក្សាវត្ថុដែលងាយឆេះឱ្យឆ្ងាយពីប្រភពកម្ដៅ ហើយកុំទុកទៀន ឬអណ្ដាតភ្លើងដោយមិនមានអ្នកមើលថែ ដើម្បីកាត់បន្ថយហានិភ័យនៃអគ្គីភ័យកើតឡើងជាយថាហេតុក្នុងអំឡុង ពេលអាកាសធាតុក្តៅ។ ត្រូវប្រាកដថាខ្សែភ្លើង និងឧបករណ៍អគ្គិសនីនៅក្នុងស្ថានភាពល្អ ចៀសវាងការប្រើប្រាស់ មិនត្រឹមត្រូវតាមបច្ចេកទេស ហើយត្រូវផ្តាច់ចរន្តអគ្គិសនីពីឧបករណ៍ទាំងនោះនៅពេលមិន ប្រើប្រាស់វា។
សូមបញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាការខ្សោះជាតិទឹក ជំងឺ បេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិន ស្អាត និងចំណីអាហារពុំមានសុវត្ថិភាព៕