កំពង់ស្ពឺ៖សព«យោធិន»កម្ពុជាទាំង២០នាក់ បានតម្កល់ធ្វើបុណ្យ ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ពិធីបូជាសពនឹងរៀបចំឡើងនៅល្ងាចថ្ងៃទី ២៨ មេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង មន្ត្រីកម្ពុជាជាច្រើនរូបនេះ។នេះបើយោងតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ ស៊ីស៊ីថាមស៍។
គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់ដ៏រន្ធត់បានកើតឡើងនៅ ថ្ងៃទី ២៧ ខែមេសា ដោយបានផ្តាច់ជីវិតមន្ត្រីយោធិនកម្ពុជាប្រមាណ២០នាក់។ហេតុការណ៍នេះកើតឡើងនៅ យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ក្នុងរបាយការណ៍ បានគូសបញ្ជាក់ថា មន្ត្រីយោធិនកម្ពុជា១៥នាក់តាមរយៈលិខិតបេសកកម្ម ដឹកគ្រប់យុទ្ធភណ្ឌពីខេត្តកោះកុងមកដាក់យោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ លុះមកដល់ម៉ោងប្រហែលជាង២រសៀល ចំណុចឃ្លាំងបច្ចេកទេស នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺក៏បានផ្ទុះឃ្លាំងគ្រាប់ដោយផ្តាច់ជីវិតមន្ត្រីយោធិនពីខេត្តកោះកុងទាំង១៥នាក់ មន្ត្រីប្រចាំការ៥នាក់ និងរងរបួសមួយចំនួន។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី ហើយរាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ និង ផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ២ ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន២០លានរៀល។
ក្រៅពីនេះក៏មាន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋជាច្រើននាក់ បានប្រើប្រាស់បណ្តាញសង្គមសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយោធិនរបស់កម្ពុជាដែលបានពលីជីវិតក្នុងឧបទ្ទវហេតុនេះ៕
រូបភាព៖ វត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ