ព្រះសីហនុ៖ កម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមេសានេះ បានដឹកក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសជប៉ុន បានដឹកជញ្ជូនតាមកប៉ាល់មកដល់កំពង់ផែព្រះសីហនុប្រទេសកម្ពុជា ហើយ។
ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន ម៉ាក KiHa 183 Series DMUចំនួន ១១ គ្រឿងនេះ ត្រូវបានដឹកជញ្ជូនពីតំបន់ហុកកៃដូ មកកាន់ប្រទេសកម្ពុជា ដោយបានចាកចេញពីកំពង់ផែ Hakodate កាលថ្ងៃទី១៥ ខែមេសា បានដឹកមកដល់កម្ពុជា នាម៉ោង១០ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្លូវដែកចំនួនពីរខ្សែរ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ខេត្តព្រះសីហនុ។ បណ្តាញផ្លូវដែកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនRoyal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group។រដ្ឋាភិបាលគ្រោងនឹងកែលម្អផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន៕