ឥណ្ឌូណេស៊ី៖ បេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន និងលេខាធិការដ្ឋានអាស៊ានបានបើកដំណើរការកម្មវិធីសមាហរណ កម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស (EIP) នៅថ្ងៃទី២៤ ខែមេសា នៅទីក្រុងហ្សាកាតា គំនិតផ្ដួចផ្ដើម សម្រាប់រយៈពេល ៤ ឆ្នាំនេះមានតម្លៃរហូតដល់ ២៥ លានផោន ដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច នៅទូទាំងតំបន់ដោយការដោះស្រាយឧបសគ្គនៃការអភិវឌ្ឍន៍នៅក្នុងប្រទេសជាសមាជិកអាស៊ាន (AMS) និងសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងមូល។
កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសគឺជាគំនិតផ្តួចផ្តើមដ៏ទូលំទូលាយមួយដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន។ វានឹងប្រើវិធីសាស្ត្រពហុភាគី ដោយផ្តោតលើ សកម្មភាពដែលមានប្រសិទ្ធភាពខ្ពស់។ វានឹងផ្ដល់ការគាំទ្រជាគោលដៅដល់ប្រទេសជាសមាជិកអាស៊ាន (AMS) តាមរយៈជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងភាពជាដៃគូចែករំលែកចំណេះដឹង។
លើសពីនេះ កម្មវិធីនេះនឹងស្វែងយល់ពីសក្តានុពលនៃឌីជីថលនីយកម្មដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចទូទាំងតំបន់អាស៊ានទាំងមូល ហើយផ្តោតលើការជួយដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម។ កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសនឹងត្រូវអនុវត្តនៅទូទាំងប្រទេសសមាជិកអាស៊ាន ទាំងដប់ រួមទាំងទីម័រខាងកើតផងដែរ។ កម្មវិធីនេះនឹងផ្ដោតលើចំណុចសំខាន់ចំនួនបី៖
១. ការគាំទ្រកំណែទម្រង់បទប្បញ្ញត្តិ ដើម្បីសម្រួលដល់សកម្មភាព ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
២. ការលើកកម្ពស់ពាណិជ្ជកម្មបើកចំហ ដើម្បីដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្មរវាងប្រទេសជាសមាជិក អាស៊ាន និងជំរុញពាណិជ្ជកម្មសកល រួមទាំងជាមួយចក្រភពអង់គ្លេសផងដែរ។
៣. ការអភិវឌ្ឍទៅលើវិស័យសេវាហិរញ្ញវត្ថុ ដើម្បីពង្រឹង និងធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពងាយ ស្រួលក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មទូទាំងអាស៊ាន និងទីម័រខាងកើត។
ស្នងកាទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចក ភពអង់គ្លេសសម្រាប់អាស៊ាន លោក Martin_Kent_មានប្រសាសន៍ថា “ការចាប់ផ្តើមកម្មវិធីសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការរួមគ្នាជាមួយសហគមន៍អាស៊ានឆ្ពោះទៅរកតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចកាន់តែស្អិតរមួត។
កម្មវិធីនេះនឹងទាញយកឱកាសពីសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍន៍អាជីវកម្មខ្នាតតូច។ យើងទន្ទឹងរង់ចាំ ក្នុងការនាំយកអ្នកជំនាញល្អបំផុតរបស់ចក្រភពអង់គ្លេសក្នុងកំណែទម្រង់បទប្បញ្ញត្តិ សេវាកម្មហិរញ្ញវត្ថុ និងគោលនយោបាយពាណិជ្ជកម្មទៅកាន់សហគមន៍អាស៊ាន ដើម្បីភាពរុងរឿងទៅវិញទៅមក»៕