មីយ៉ាន់ម៉ា៖ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃពុធនេះបានឲ្យដឹងថា អតីតមេដឹកនាំ និងជាម្ចាស់ជ័យលាភីណូបែលរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារទៅកាន់គុកឃុំខ្លួនក្នុងផ្ទះរបស់លោកស្រី។ ការបញ្ចូនលោកស្រីទៅកាន់ផ្ទះលោកស្រីហើយឃុំឃាំងនេះត្រូវបានរបបយោធាមីយ៉ាន់ម៉ាលើកហេតុផលថាជាការការពារលោកស្រីពីជំងឺផ្សេងៗដោយសារតែអាកាសធាតុមានការប្រែប្រួលនិងក្តៅជាខ្លាំងមិនធ្លាប់មានពីមុនមក។
កាលពីខែកញ្ញាឆ្នាំមុនកូនប្រុសរបស់លោកស្រីអ៊ុងសានសូជីគឺលោក Kim Aris បានសម្តែងការព្រួយបារម្ភចំពោះសុខភាពម្តាយរបស់លោកនៅក្នុងពន្ធនាគារ ដោយលោកបានអះអាងថាម្តាយរបស់លោកមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរដែលលោកស្រីពិបាកញ៉ាំអាហារចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ២០២១មក។លោក Aris បានប្រាប់កាសែត Guardian នៅក្នុងបទសម្ភាសន៍ពីផ្ទះរបស់គាត់នៅចក្រភពអង់គ្លេសថា "គ្មាននរណាម្នាក់នៅខាងក្រៅពន្ធនាគារបានឃើញម្តាយរបស់លោកឡើយ"ចាប់តាំងពីរដ្ឋប្រហារគឺលឺដំណឹងតែពីខាងយោធាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាកូនស្រីរបស់មេដឹកនាំនៃយុទ្ធនាការរបស់មីយ៉ាន់ម៉ាដើម្បីឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេសបានដឹកនាំប្រទេសរយៈពេលប្រាំឆ្នាំក្នុងអំឡុងពេលខ្លីនៃកំណែទម្រង់បណ្តោះអាសន្នមុនពេលត្រូវបានបង្ខំឱ្យចេញពីអំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីឆ្នាំមុន នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុងសានស៊ូជី បន្ទាប់ពីខ្លួនបានឈ្នះការបោះឆ្នោតសកល ហើយបានដឹកនាំការបង្ក្រាបយ៉ាងសាហាវទៅលើអ្នកប្រឆាំង។
មនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ដាក់គុក និងជាច្រើនត្រូវបានគេធ្វើទារុណកម្ម វាយដំ ឬសម្លាប់ នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មលើយោធា និងបានច្រានចោលការកាត់ក្តីសម្ងាត់របស់លោកស្រី អ៊ុងសាន ស៊ូជី ថាជារឿងហួសហេតុ៕