ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលនៃប្រទេសចិន តាមរយៈក្រសួងសន្តិសុខសាធារណៈរបស់ចិន បានបញ្ជូនយន្តហោះយ៉ាងតិច ៨គ្រឿងមកកម្ពុជា ដើម្បីនាំខ្លួនជនសង្ស័យជនជាតិចិនរាប់រយនាក់ ពាក់ព័ន្ធបទល្មើស ល្បែងស៊ីសង តាមប្រព័ន្ធអ៉ីធើណេត និង បោកប្រាស់តាមអនឡាញយកទៅប្រទេសចិនវិញ ដើម្បីកាត់ទោសតាមច្បាប់។
យោងតាមប្រភពដែលសារព័ត៌មាន ស៊ីស៊ីថាមស៌ ទទួលបាន នៅព្រឹកព្រលឹមថ្ងៃ១៧នេះ មានយន្តហោះពីរគ្រឿងទៀត ត្រូវបាន បញ្ជូនមករាជធានីភ្នំពេញ ដើម្បីដឹកជនសង្ស័យជនជាតិចិន ១៥៥នាក់ ពាក់ព័ន្ធករណីឆបោកល្បែងស៊ីសង ត្រឡប់ទៅប្រទេសចិន។
ប្រតិបត្តិការរួមគ្នានៃកម្ពុជា និង ចិននេះ គឺបានចាប់តាំងពីព្រឹកព្រលឹម ថ្ងៃទី១៣ ខែមេសាមក ដោយអាជ្ញាធរចិនបញ្ជូនយន្តហោះខ្នាតធំយ៉ាងតិច ៤ លើកមកកម្ពុជា សរុបយន្តហោះយ៉ាងតិច ៨គ្រឿង ដើម្បីនាំខ្លួនជនសង្ស័យពាក់ព័ន្ធ«ឧក្រិដ្ឋកម្មអនឡាញ» ត្រឡប់ទៅប្រទេសវិញ។
ប្រភពបានបង្ហើបប្រាប់ ស៊ីស៊ីថាមស៍ ថា នៅថ្ងៃទី២០ ខែមេសានេះ ចិននឹងបញ្ជូនយន្តហោះមករាជធានីភ្នំពេញបន្តទៀត ដើម្បីយកជនសង្ស័យចិនដែលនៅសេសសល់ទៅកាត់ទោសនៅប្រទេសចិន។
សូមបញ្ចាក់ថា ការបណ្តេញជនជាតិចិនរាប់រយនាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញនេះ គឺធ្វើឡើងក្នុងពេលយប់ជ្រៅ ដោយក្រសួងសន្តិសុខសាធារណៈចិនបញ្ជូនយន្តហោះមកដឹក និង មានប៉ូលិសចិនជាច្រើននាក់មកជាមួយ ដើម្បីនាំខ្លួនជនសង្ស័យជនជាតិចិនទាំងអស់ទៅស្រុកវិញ។
ស្ថានទូតចិនប្រចាំកម្ពុជា តាមគណនីសាធារណៈ WeChat របស់ខ្លួន កាលពីថ្មីៗនេះ បានបញ្ជាក់ថា ចិននិងកម្ពុជា បានសហការអនុវត្តច្បាប់បង្ក្រាបបានដោយជោគជ័យនូវទីតាំងល្បែងស៊ីសងតាមអនឡាញ និង ឆបោកតាមអនឡាញជាច្រើនកន្លែងដែលចាក់ឫសក្នុងខេត្តព្រះសីហនុ។ក្នុងប្រតិបត្តិការរួមគ្នានោះ ចាប់ខ្លួន ជនសង្ស័យឧក្រិដ្ឋជនដែលជាជនជាតិចិន ដែលប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញជាង៧០០នាក់។
ស្ថានទូតចិនប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជានឹងបន្តអនុវត្តឱ្យបានហ្មត់ចត់នូវគោលការឯកភាពគ្នាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់ និងបន្តរក្សាជំហរកំចាត់ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ រហូតទាល់តែពួកឧក្រិដ្ឋជនជនជាតិចិនដែលរកស៊ីឆបោកប្រាស់តាមអនឡាញ នៅកម្ពុជាត្រូវបានកម្ទេចទាំងស្រុង ដើម្បីផ្តល់សុវត្ថិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ៕