ភ្នំពេញ៖សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី ១០ មេសានេះ បានរៀបចំពិធីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតសមាគមរបស់ខ្លួន ក្រោមអធិបតីភាពលោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។រយៈពេល៣០ឆ្នាំមកនេះ លោកស្រី ជា សិរី បានចាត់ទុកសមាគមធនាគារនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ ចូលរួមគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។
ថ្លែងក្នុងកម្មវិធីខួប ៣០ឆ្នាំនៃការបង្កើត សមាគមធនាគារនៅកម្ពុជា លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអបអរសាទរ និង កោតសរសើរចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកសមាគមធនាគារនៅកម្ពុជា ក្នុងការបំពេញមុខងាររបស់ខ្លួន និង សម្រេចបាននូវលទ្ធផលនាពេលនេះ ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា នារយៈពេល ៣០ឆ្នាំកន្លងមក។
លោកស្រីថ្លែងថា ៖ “ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារ គឺបានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងនវិនិយោគិន មកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។”
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃ ផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លានគណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងចាត់ទុកការអភិវឌ្ឍន៍ក្នុងវិស័យធនាគារនៅរយៈពេលចុងក្រោយនេះ បញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និង ហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
បើតាមលោក រ័ត្ន សោភ័ណ វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និង បទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និង ជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន៕