Cctimesw1140xh150cm copy

ពលរដ្ឋកំពង់ស្ពឺរៀចំកម្មវិធី«ប្រណាំងរទេះសាឡីគោលឿន»ដើម្បីអភិរក្ស និង ថែរក្សាប្រពៃណីពីបុរាណ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ស្ពឺ៖ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៧ មេសា បានរៀបចំពិធីប្រណាំងរទេះគោសាឡីគោលឿន លើកទី១០ ឆ្នាំ២០២៤ នៅភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណង អភិរក្ស និងថែរក្សា យ៉ាងណាមិនឱ្យប្រពៃណីខ្មែរ មានការបាត់បង់ការប្រណាំងរទេះសាឡីគោលឿន។

ការប្រណាំងនៅឆ្នាំ២០២៤នេះ មានរទេះគោសាឡីចូលប្រណាំងចំនួន៥០នឹម បើប្រៀបធៀបឆ្នាំ២០២៣ កើនលើសចំនួន៨នឹម ក្នុងការប្រណាំងគោខ្នាតធំ ២១នឹម និង គោខ្នាតតូចមានចំនួន២៩នឹម។ សត្វគោដែលបានយកមកចូលរួមប្រណាំងមានគោ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តកំពង់ស្ពឺ ហើយការប្រណាំងមានចម្ងាយ ២០០០ម៉ែត្រ ការប្រណាំងរទេះគោសាឡីមានចំនួន៣ ជុំ។ ក្នុងការប្រណាំងគោនេះ ម្ចាស់គោ បានតុបតែងគោ និងរទេះ បានរៀបរយតាមរបៀបលំនាំតាំងពីសម័យដូនតាមក។

គោលបំណងរៀបចំពិធីប្រណាំងគោ គឺដើម្បីអភិរក្ស និងថែរក្សា ធ្វើយ៉ាងណាមិនឱ្យប្រពៃណីខ្មែរ មានការបាត់បង់ការប្រណាំងរទេះសាឡីគោលឿន។ ជាពិសេស បន្តការផ្សព្វផ្សាយឱ្យពលរដ្ឋជំនាន់ក្រោយបានស្គាល់អំពីរទេះសាឡីជាមរតកដូនតា និង ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជា និង ទស្សនាការប្រណាំងរទេះគោគោលឿន គឺរទេះគោសាឡីនេះ។ ការប្រណាំងរទេះគោសាឡី ក៏ដើម្បីជំរុញឱ្យពលរដ្ឋងាកមកចិញ្ចឹមគោឡើងវិញ ព្រោះសត្វគោមានប្រយោជន៏ខ្លាំងសម្រាប់សេដ្ឋកិច្ច ដូចជា វិស័យកសិកម្ម បំរើការងារដឹកជញ្ជូន ព្រមទាំងទាញផលជាច្រើនទៀតពីសត្វគោ។

សូមបញ្ជាក់ថា ការប្រណាំងរទេះសាឡីគោលឿន កាលពីម្សិលមិញ ការប្រណាំងគោរទេះសាឡីគោធំលេខ១ ទទួលបានរង្វាន់១.៥០០.០០០៛ និង លេខ១ រទេះសាឡីគោតូច ទទួលបានរង្វាន់១.០០០.០០០៛ ចំពោះរទេះគោសាឡីគោធំនិងគោតូចលេខ២និងលេង៣ទទួលរង្វាន់ស្មើៗគ្នាចំនួន៧០០.០០០៛៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង