តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះតៃវ៉ាន់បានបន្តខ្នះខ្នែងស្វែងរកមនុស្សចំនួន ១៨ នាក់ដែលនៅតែបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រិចទ័របានវាយប្រហារតំបន់ភ្នំ និងឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ ដែលការរញ្ជួយដីប៉ុន្មានថ្ងៃមុននេះបានបង្កឲ្យមានអាគារជាច្រើនខ្នងបាក់រលំ និងបណ្តាលឲ្យមនុស្សជាង១០នាក់បាត់បង់ជីវិតក្នុងហេតុការណ៍មិនធ្លាប់មានពីមុនមកនេះ។
ការរញ្ជួយដីកាលពីថ្ងៃពុធនៅក្នុងស្រុក Hualien ភាគខាងកើតរបស់តៃវ៉ាន់បានសម្លាប់មនុស្ស ១០ នាក់ និងបណ្តាលឱ្យមនុស្សរាប់រយនាក់ជាប់គាំងនៅក្នុងឧទ្យានជាតិមួយ ព្រមទាំងបណ្តាលឲ្យផ្ទាំងថ្មបាក់ធ្លាក់ចុះពីលើភ្នំ និងផ្តាច់ផ្លូវមួយចំនួនដែលបង្កឲ្យមានខូចខាតទ្រព្យសម្បត្តិជាច្រើន។នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បានអះអាងថាចំនួនមនុស្សបាត់ខ្លួននៅមាន ១៨ នាក់ រួមទាំងជនបរទេស ៤ នាក់ដែលរួមមានជនជាតិឥណ្ឌា កាណាដា និងអូស្ត្រាលី៕