Cctimesw1140xh150cm copy

ភ្នំពេញនឹងរៀបចំ«សង្ក្រាន្តវត្តភ្នំ»រយៈពេល៤ថ្ងៃយ៉ាងអធិកអធមជាមួយកម្មវិធីកម្សាន្តប្រពៃណីជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំតុបតែងខ្លោងទ្វារ ភ្លើងបំភ្លឺ បណ្តាទង់ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ និងតាមដងវិថីនានា នៅរាជធានីភ្នំពេញ ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងធ្វើឡើងរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាមួយនឹងការត្រៀមរៀបចំ«សង្រ្កាន្តវត្តភ្នំ»ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងសង្គេតឃើញថាមាននូវការត្រៀមតុបតែងលម្អនូវសោភ័ណ្ឌភាព ដូចជាការតុបតែងលោងទ្វារ បណ្តា ទង់ ភ្លើងបំភ្លឺ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ និងនៅតាមដងផ្លូវយ៉ាងមមាញឹក។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងកាលពីចុងខែមីនាថា«សង្ក្រាន្តវត្តភ្នំ» នឹងត្រូវបាន រៀបចំឡើងជាមួយនឹងកម្មវិធីកម្សាន្ត ប្រពៃណីជាតិ រួមមាន កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ និងការកម្សាន្ត ល្បែងប្រជាប្រិយជាតិ ជាច្រើន ដូចជា ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ។ បន្ថែមលើសពីនេះ ក៏ មានការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្តការតាំងពិព័រណ៌គំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ផងដែរ។

ជាមួយនឹងគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវផ្សព្វផ្សាយ និងអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង