ប្រ៊ុចសែល៖ រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ គ្រោងនឹងជួបប្រជុំគ្នាជាមួយសម្ព័ន្ធមិត្តដើម្បីពិភាក្សាអំពីកញ្ចប់ជំនួយថ្មីគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនក្នុងការបន្តប្រយុទ្ធជាមួយរុស្សីរយៈពេលវែងរួមទាំងសំណើសម្រាប់មូលនិធិរយៈពេលប្រាំឆ្នាំចំនួន ១០០ ពាន់លានអឺរ៉ូ (១០៧ ពាន់លានដុល្លារ) និង គម្រោងនេះត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីផ្តល់ជំនួយសព្វាវុធដល់អ៊ុយក្រែនក្នុងការប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្សី។
បើតាមអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានឲ្យដឹងថាផែនការនេះនឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងប្រ៊ុចសែល ដែលនឹងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំសម្ព័ន្ធភាពក្នុងខែកក្កដានៅទីក្រុងវ៉ាស៊ីនតោន។ លោកបន្តថាយើងត្រូវតែធានាបាននូវជំនួយសន្តិសុខដែលអាចទុកចិត្តបាន និងអាចព្យាករណ៍បានដល់អ៊ុយក្រែនសម្រាប់សង្រ្គាមរយៈពេលវែង ដូច្នេះយើងពឹងផ្អែកលើការរួមចំណែកដោយស្ម័គ្រចិត្ត និងច្រើនទៀតលើការប្តេជ្ញាចិត្តរបស់អង្គការណាតូ និងដៃគូពាក់ព័ន្ធទាំងអស់គ្នា៕