ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥ និង សមាជិក សមាជិកា ព្រឹទ្ធសភា ចូលសច្ចាប្រណិធាន ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ក្នុងពិធីសច្ចាប្រណិធាន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសប្តូរផ្តាច់ ហ៊ានបូជាជីវិតដើម្បីការពារជានិច្ច នូវមាតុភូមិកម្ពុជា។
ក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទាំង២រូប និង សមាជិកសមាជិការទាំងអស់ បានប្រកាសប្តេជ្ញា គោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។សច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគី រៀងៗខ្លួនឡើយ។
សម្តេច ហ៊ុន សែន និង សមាជិកទាំងអស់ ប្តេជ្ញាប្តូរផ្តាច់ ហ៊ានបូជាជីវិតដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវ ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិ ពេញបរិបូរណ៍ បូរណភាពទឹកដី ដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់១៩៦៩ ឯកភាពជាតិ ហើយមិនអនុញ្ញាត ឲ្យមានការបែងចែក ឬការធ្វើអបគមន៍ ណាមួយឡើយ។
ទាក់ទងនឹងការងារអន្តរជាតិវិញ ប្រធានស្ថាប័នកំពូលរបស់ជាតិនេះ បានប្រកាសនូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធ មិនអនុញ្ញាត ជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែក ចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិ របស់កម្ពុជាបានឡើយ ហើយ មិនបម្រើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាត ដល់ផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។
ចំពោះការងារបម្រើប្រជាពលរដ្ឋ សមាជិកទាំងអស់ ប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា៕