ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពីការត្រៀមបញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង ដឹកជញ្ជូនពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមបញ្ចេញរថយន្តក្រុងជាច្រើនគ្រឿង ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត បានជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ៕