ម៉ានីល៖ សាលារាប់សិបនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនបានផ្អាកថ្នាក់រៀនផ្ទាល់នៅថ្ងៃអង្គារនេះដោយសារកម្រិតកំដៅដ៏គ្រោះថ្នាក់មានការកើនឡើងជាខ្លាំងមិនធ្លាប់មានពីមុន។ អ្នកព្យាករណ៍អាកាសធាតុរដ្ឋហ្វីលីពីនបានអះអាងថាសន្ទស្សន៍នៃកម្តៅនេះត្រូវបានគេរំពឹងថានឹងឈានដល់កម្រិត "គ្រោះថ្នាក់" ដល់ ៤២ អង្សាសេ និងអាចឡើងដល់ ៤៥អង្សាសេក្នុងតំបន់មួយចំនួន។
សាលាបឋមសិក្សា និងអនុវិទ្យាល័យនៅ Quezon ដែលជាសាលាមានសិស្សច្រើនជាងគេនៃទីក្រុងត្រូវបានបិទទ្វារនៅព្រឹកថ្ងៃអង្ការនេះ ហើយសាលារៀននៅក្នុងតំបន់ផ្សេងទៀតត្រូវបានផ្តល់ជម្រើសដោយមន្ត្រីក្នុងតំបន់ឱ្យផ្លាស់ប្តូររៀន Online វិញ។ អ្នកព្យាករណ៍អាកាសធាតុបានបន្ថែមទៀតថាសន្ទស្សន៍កំដៅពី ៤២ អង្សាសេទៅ ៥១ អង្សាសេអាចបណ្តាលឱ្យ "រមួលក្រពើ និងអស់កម្លាំងកំដៅ" អាចឈានទៅដល់ជំងឺដាច់សរសៃឈាមខួរក្បាល"ផងដែរ។
អ្នកនាំពាក្យនាយកដ្ឋានអប់រំប្រចាំតំបន់លោកស្រី Rea Halique បានប្រាប់ AFP ថា មន្ត្រីមូលដ្ឋានក្នុងតំបន់មួយចំនួននៃកោះ Mindanao ភាគខាងត្បូងក៏បានផ្អាកថ្នាក់រៀនផ្ទាល់ខ្លួន និងកាត់ម៉ោងសិក្សាក្នុងរយៈពេលពីរសប្តាហ៍ ដោយវិធានការនេះធ្វើឡើងដើម្បីជាការកាត់បន្ថយការប៉ះពាល់ដល់សុខភាពសិស្ស៕