តូក្យូ៖ យ៉ាងហើចណាស់មានមនុស្ស៥នាក់ ដែលលេបថ្នាំបំប៉នសុខភាពជប៉ុនមានឈ្មោះថា Kobayashi បានស្លាប់ ហើយជាង ១០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ គិតត្រឹមថ្ងៃសុក្រមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនឱសថ Kobayashi បានចេញប្រកាសក្នុងការប្រមូលផលិតផលរបស់ខ្លួនចូលក្នុងក្រុមហ៊ុនវិញ។
ក្រុមហ៊ុនឱសថ Kobayashi បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់កើនដល់ ៥ នាក់កាលពីថ្ងៃសុក្រ ដោយក្នុងនោះមានមនុស្ស ១១៤ នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីទទួលយកផលិតផលថ្នាំបំប៉នបញ្ចុះកូឡេស្តេរ៉ុលដែលមានធាតុផ្សំហៅថា benikoji ដែលជាប្រភេទផ្សិតក្រហម។មនុស្សមួយចំនួនបានកើតបញ្ហាក្រលៀនបន្ទាប់ពីប្រើថ្នាំគ្រាប់ ប៉ុន្តែមូលហេតុពិតប្រាកដនៅតែស្ថិតក្រោមការស៊ើបអង្កេតដោយមន្រ្តីជំនាញបានសហការជាមួយមន្ទីរពិសោធន៍របស់រដ្ឋាភិបាលជប៉ុន។
លោក Akihiro Kobayashi ប្រធានក្រុមហ៊ុន Kobayashi បានសម្តែងការសូមទោសនិងបានឱនក្បាលអស់រយៈពេលជាយូរដើម្បីបញ្ជាក់ពីការសុំទោសជាមួយនឹងមន្ត្រីក្រុមហ៊ុនកំពូលបីផ្សេងទៀត។លោកអះអាងថា "យើងសុំទោសយ៉ាងជ្រាលជ្រៅ"ចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត និងកំពុងសម្រាកព្យាបាល ។ លោកក៏បានសុំទោសផងដែរចំពោះបញ្ហាដែលបង្កឡើងដល់ឧស្សាហកម្មអាហារសុខភាពទាំងមូល និងវិជ្ជាជីវៈពេទ្យរបស់ក្រុមហ៊ុនលោក ហើយក្រុមហ៊ុនលោកកំពុងធ្វើការដើម្បីការពារការខូចខាតនិងដោះស្រាយវិវាទជាមួយជនរងគ្រោះតាមដែលអាចធ្វើទៅបាន៕