អាហ្វ្រិក៖ គ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងនៅក្នុងខេត្ត Limpopo ភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងត្បូងបានបណ្តាលឱ្យមនុស្ស ៤៥ នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់មួយតាមជំរាលភ្នំដាច់ស្រយាលមួយដោយអ្នកដំណើរក្នុងឡានក្រុងនោះភាគច្រើនគឺជាអ្នកធ្វើធម្មយាតាសម្រាប់ពិធីបុណ្យរបស់ខ្លួនខាងមុខ។
យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានដឹកជញ្ជូនអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា អ្នកបើកបរបានបាត់បង់ម្ចាស់ការ ហើយបានបុករបាំងថ្មនៅលើស្ពានមួយកន្លែង នៅជិតតំបន់ភ្នំ Mamatlakala បណ្តាលឲ្យរថយន្តក្រុងវេធ្លាក់ហើយបានបង្កជាអគ្គិភ័យ។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានផ្ញើការរំលែកទុក្ខរបស់លោកទៅកាន់ប្រទេស Botswana និងបានសន្យាផ្តល់ជំនួយចាំបាច់មួយចំនួនដល់ជនរងគ្រោះ។នាយកដ្ឋានដឹកជញ្ជូនខេត្ត Limpopo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មានតែក្មេងអាយុ ៨ ឆ្នាំម្នាក់ប៉ុណ្ណោះដែលបានរួចរស់ជីវិតពីឧបទ្ទវហេតុនេះ ហើយគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។មន្ទីរខេត្តបាននិយាយថា សាកសពមួយចំនួនត្រូវបានឆេះខ្ទិចខ្ទីនិងបាត់បង់ភិនភាគរបស់ជនរងគ្រោះ ខណៈខ្លះទៀតជាប់នៅក្នុងគំនរបាក់បែក និងរាយប៉ាយនៅកន្លែងកើតហេតុ៕