ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី ២៦ មីនានេះ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
យោងតាមរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ត្រូវចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយចៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិដូចជា ល្បែងស៊ីសង គប់ទឹក បាញ់ទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។ ម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។
គួរបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីរបស់ជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០២៤នេះ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្ដទៅរយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ១៥, ១៦ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរ មានពេលទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗផងដែរ៕