ក្នុងរយៈពេលត្រឹម៣ឆ្នាំប៉ុណ្ណោះ សាកលវិទ្យាល័យខេមតិច (CamTech) បានកសាងកិត្តិនាមរបស់ខ្លួនឱ្យលេចធ្លោក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅក្នុងពិធីបើកព្រឹត្តិការណ៍ទិវាជាតិលើកទី២ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចូលទស្សនាស្តង់ពិព័រណ៍សមិទ្ធផលរបស់សាកលវិទ្យាល័យខេមតិច និងបានសម្តែងការចាប់អាម្មណ៍យ៉ាងខ្លាំងចំពោះរ៉ូបូតឧស្សាហកម្មរបស់ CamTech ដែលអាចចម្លងគំរូសិល្បៈខ្មែរយ៉ាងស្រស់ស្អាត។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចុះហត្ថលេខាទុកជាអនុស្សាវរីយ៍លើគំរូសិល្បៈដែលគូរដោយរ៉ូបូតរបស់ CamTech និងសម្តែងការសាទរចំពោះភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។
ក្នុងឱកាសនេះផងដែរ ក្នុងចំណោមអ្នកវិទ្យាសាស្ត្រពីរនាក់ផ្សេងទៀត លោកបណ្ឌិត ជា វឌ្ឍនា សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកស្រាវជ្រាវ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យ CamTech ក៏ត្រូវបានជ្រើសឱ្យទទួលពានរង្វាន់អ្នកវិទ្យាសាស្ត្រឆ្នើមដំបូងបង្អស់នៅកម្ពុជា លើស្នាដៃរួមចំណែកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដ៏ឆ្នើមរបស់ CamTech។
សូមបញ្ជាក់ផងដែរថា សាលវិទ្យាល័យ CamTech បានសម្ពោធសាលាបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សារបស់ខ្លួនកាលពីពេលថ្មីៗនេះ ដើម្បីផ្តល់ការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ កម្មវិធីបណ្តុះបណ្តាលនៅក្នុងសាលានេះ ត្រូវបានសម្រិតសម្រាំងសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករ ដោយផ្តោតលើជំនាញដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសង្គម និងសម្រាប់អ្នកមិនមានជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រ ដូចជាអាជីវកម្ម ហិរញ្ញវត្ថុ និងច្បាប់ ដែលមានចំណាប់អាម្មណ៍សិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ។
កម្មវិធីបណ្តុះបណ្តាលគ្រប់ជំនាញទាំងអស់ត្រូវបានបង្រៀនជាភាសាអង់គ្លេស ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពទំនាក់ទំនងជាសកល។ ចូលរៀននៅ CamTech នៅថ្ងៃនេះ ដើម្បីជាផ្នែកមួយនៃដំណើរការសិក្សាដ៏រំភើប និងប្រកបដោយនវានុវត្តន៍៕