ភ្នំពេញ៖ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាម៉េរិក សម្រេចកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាម៉េរិកនោះទេ។ ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាម៉េរិក និងបានធ្វើឱ្យលោកត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមសេចក្ដីប្រកាស នៅក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងទៀតថា នៅក្នុងសំណុំរឿងរបស់លោក គ្រី ម៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណងគោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាម៉េរិក ដើម្បីតតាំងក្ដីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាម៉េរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។
ក្រសួងកសិកម្មបញ្ជាក់ថា ជារួម ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មានគ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារនៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។
មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។ បើទោះបីជាមានការបញ្ជាក់ម្ដងហើយម្ដងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថាឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានានៅក្នុងរឿងជំនួញសត្វស្វាក្តាមនេះនៅតែបន្តកើតមាន។
ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាម៉េរិក គឺជាយុត្តិធម៌ដែលតុលាការអាម៉េរិកផ្តល់ដល់លោក គ្រី ប៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរចំពោះលោក គ្រី ម៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការអាម៉េរិក។ ជាមួយគ្នានេះ ក្រសួងសូមថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាម៉េរិក ដែលរំលោភអំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។
ចំណែកកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្រ្តី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថាមន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ។ នេះបើតាមសេសចក្ដីប្រកាសរបស់ក្រសួងកសិកម្ម៕