Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ស្ថានទូតចិនចាត់ទុកកម្ពុជាជា«មិត្តដែកថែប» និងជា«មិត្តភក្តិពិត»យ៉ាងពិតប្រាកដរបស់ចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/


លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។


ភ្នំពេញ៖«មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»។ នេះ គឺជាពាក្យពេជន៍ដ៏មានអត្ថន័យរបស់លោកWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលបានរំលេចឡើង បន្ទាប់ពីកម្ពុជាបានប្រកាសជំហរនៅ«រួមសុខ រួមទុក្ខ» ជាមួយប្រទេសចិនក្នុងពេលដែលមេរោគថ្មីកូរ៉ូណាកំពុងរាតត្បាតយ៉ាងខ្លាំងនៅចិន។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កន្លងទៅ បានប្រកាសពីគោលជំហរនៅកៀកស្មាជាមួយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា។ លោកនាយករដ្ឋមន្រ្តីថែមទាំងប្រកាសមិនជម្លៀសនិស្សិត ប្រជាពលរដ្ឋ និង អ្នកកាទូតកម្ពុជាចេញប្រទេសចិនទេ ដើម្បីបង្ហាញពីភក្តីភាព«មិនរត់ចោលគ្នាក្នុងគ្រាលំបាក»ជាមួយមហាយក្សចិន។ ជាមួយគ្នានេះ លោកក៏បានរំលេចនូវប្រយោគដ៏មានខ្លឹមសារថា«ស្រឡាញ់គ្នាក្នុងគ្រាក្រ ហើយក៏មិនរត់ចោលគ្នាក្នុងគ្រាអាសន្នលំបាកឡើយ»។

ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ ឯកអគ្គរដ្ឋទូតចិនលោក Wang Wentian បានចាត់ទុកថា ប្រទេសកម្ពុជាជា«មិត្តដែកថែប»នៃប្រទេសចិនយ៉ាងពិតប្រាកដមែន និង ពិតជាសហគមន៍ជោគវាសនារួមដែល«ដកដង្ហើមរួមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា»យ៉ាងពិតប្រាកដ។ លោកWang Wentian បានគូសបញ្ជាក់ដូច្នេះក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពបច្ចុប្បន្ននៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី និងវិធានការទប់ស្កាត់គ្រប់គ្រងជំងឺប្រភេទនេះពីភាគីចិនកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាមេរោគកូរ៉ូណានេះវិញ លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងឱ្យដឹងថា ភាគីចិននៅតែបន្តរក្សាកិច្ចសម្របសម្រួលទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីស្វែងរកយ៉ាងទាន់ពេលវេលា និងបំបែកព្យាបាលក្រោយពីពិនិត្យឃើញមានការផ្ទុកនូវប្រភេទជំងឺនេះនៅក្នុងប្រទេសកម្ពុជា។ មហាយក្សចិន ក៏នឹងបន្តការប្រកាន់ភ្ជាប់នូវឥរិយាបថបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺវីរុសនេះជាមួយប្រទេសដែលពាក់ព័ន្ធ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងមេរោគកូរ៉ូណាតែមួយករណីតែប៉ុណ្ណោះនៅក្នុងខេត្តព្រះសីហនុ។ អ្នកឆ្លងដំបូងគេបង្អស់នេះ គឺជាជនជាតិចិនដែលបានមកលេងនៅកម្ពុជាកាលពីអំឡុងខែមករា ឆ្នាំ២០២០។ រូបគេ ត្រូវបានដាក់ឱ្យនៅដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យព្រះសីហនុ ដើម្បីតាមដាន និង ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា។ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ពេលនេះ សុខភាពជនជាតិចិនរូបនេះមានស្ថានភាពល្អប្រសើរ ប៉ុន្តែត្រូវនៅបន្តតាមដាន និងព្យាបាលបន្ថែមទៀត៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង