កំពង់ធំ៖សមិទ្ធផលជាច្រើន សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា ក្នុង វត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្ថិតនៅក្នុងភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ត្រូវបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និង សម្ពោធឆ្លងហើយ បន្ទាប់ ពី ចំណាយពេលសាងសង់ រយៈ ពេល១៨ឆ្នាំ ចំណាយថវិកាជិត ៦០ម៉ឺនដុល្លារ។
សមិទ្ធផលដែលបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា និង សម្ពោធឆ្លងនេះរួមមាន៖ ព្រះវិហារ សាលា ឆាន់ កុដិថ្ម កុដិឈើ ខ្លោងទ្វារ ស្ពានបេតុងឆ្លងប្រឡាយចូលវត្ត រូបសំណាកចំនួន ៣កន្លែង ព្រមទាំង សមិទ្ធិ ផលមួយចំនួនទៀត។ពិធីសម្ពោធរៀបចំឡើង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។
អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានគូសរំលេចថា ព្រះពុទ្ធសាសនា ក៏ដូចជាសានាដទៃទៀត ត្រូវបានជីកកប់ បាត់ ក្នុង របបកម្ពុជាប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ ប៉ុល ពត។ តែសាសនាទាំងអស់ ក៏ត្រូវបានរំដោះ គាស់ រំលើងឡើងវិញ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាតស៊ូរបស់អ្នកស្នេហាជាតិ ដឹកនាំដោយសម្តេច ហ៊ុន សែន និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត។
អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព «គាំទ្រសម្តេចតេជោ គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រ សុខ សន្តិភាព គាំទ្រភាពសុខសាន្ត គាំទ្រការរស់រៀនមានជីវិតប្រកបដោយក្តីសប្បាយរីករាយរបស់ប្រជាពល រដ្ឋយើងគ្រប់គ្នា»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងពិធីព្រឹកមិញនេះ អ្នកឧកញ៉ាបណ្ឌិត ក៏បានបំពាក់មេដាយជូនសប្បុរសជនចំនួន ២៦អង្គ/នាក់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការសរសើរចំពោះការខិតខំប្រឹងប្រែងរួបរួមគ្នា សម្រេចបានសមិទ្ធិផលទាំងនេះ។ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានចែកជូនថវិកា និង អំណោយមួយចំនួនដល់តាជី-យាយជី លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងស្ថាប័នមួយចំនួនផ្សេងទៀត រួចបន្តអញ្ជើញប្រារព្ធកិច្ចបូជាទាន ធូប ផ្កាភ្ញី និង កាត់ ខណ្ឌសីមាក្នុងព្រះវិហារ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ៕