Cctimesw1140xh150cm copy

កូនផ្សោតថ្មី២ក្បាលកើតក្នុងថ្ងៃតែមួយ តែ១ក្បាលក្នុងចំណោមនោះស្លាប់ទៅវិញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្ទឹងត្រែង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។

ក្នុងថ្ងៃដដែលនេះ នៅខេត្តក្រចេះ ក្រុមការងារបានទទួលដំណឹងថា បានប្រទះឃើញសពកូនផ្សោតមួយក្បាល ដែលបានស្លាប់នៅចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែលស្លាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែលទំនងជាទើបនឹងកើតបានអំឡុងពេលពី១ទៅ២ថ្ងៃប៉ុណ្ណោះ។

បើតាមការសន្និដ្ឋានរបស់រដ្ឋបាលជលផល បានបញ្ជាក់ថា ការស្លាប់របស់កូនផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះនេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវ បាននឹងកំពុងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលកូនផ្សោតកើតថ្មីចំនួន៥ក្បាល និងមានផ្សោតស្លាប់ចំនួន២ក្បាល។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ និងស្នើជៀសវាងប្រើឧបករណ៍ឆក់និងឧបករណ៍មងក្រឡាធំនៅតាមអន្លង់ផ្សោតរស់នៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង