អាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលថ្ងៃសុក្រនេះជាដំណើរទស្សនកិច្ចលើកទី៦របស់លោកទៅតំបន់មានសង្រ្គាមដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា មុនពេលការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំខាន់ៗលើសេចក្តីព្រាងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកស្តីពីតម្រូវការបទឈប់បាញ់ "បន្ទាន់" ។
បើតាមលោក Blinken សហរដ្ឋអាម៉េរិកបានប្រកាសថា ខ្លួននឹងដាក់ជូនការបោះឆ្នោតនៅថ្ងៃសុក្រនេះ នូវសេចក្តីព្រាងមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខស្តីពីតម្រូវការសម្រាប់ "បទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំង"។
សម្រាប់លោក Blinken "បញ្ហាកំពុងតែត្រូវបានដោះស្រាយ" ហើយសហរដ្ឋអាម៉េរិកកំពុង "បន្តជំរុញឱ្យមានកិច្ចព្រមព្រៀងនៅទីក្រុងដូហា"។ លោកបានព្រមានថា ការវាយលុករបស់អ៊ីស្រាអែលនៅក្រុង Rafah ជាទីក្រុងភាគខាងត្បូងនៃតំបន់ Gaza ដែលមានប្រជាជនប្រមាណ ១,៥ លាននាក់នៅជាប់ព្រំដែនអេហ្ស៊ីប នឹងក្លាយជា «កំហុស»និងជាសោកនាដកម្មដ៏ធំមួយ។
អ៊ីស្រាអែលបាននិយាយថាប្រធានចារកម្មរបស់ខ្លួនក៏នឹងត្រឡប់ទៅប្រទេសកាតាវិញនៅថ្ងៃសុក្រនេះសម្រាប់ការចរចាបទឈប់បាញ់បន្ថែមទៀតជាមួយអ្នកសម្រុះសម្រួលអាម៉េរិក អេហ្ស៊ីប និងកាតា ដែលកំពុងព្យាយាមចរចាផ្អាករយៈពេលប្រាំមួយសប្តាហ៍។កិច្ចពិភាក្សាគឺផ្តោតលើការធានាកិច្ចព្រមព្រៀងបទឈប់បាញ់ និងលើការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនក្នុងការឃុំឃាំងរបស់អ៊ីស្រាអែល និងការបញ្ជូនជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា ដែលកំពុងតែរងគ្រោះទុរភិក្សកំពុងគំរាមកំហែងដល់ប្រជាជន ២.៤ លាននាក់៕