ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសចិន វៀតណាម និងឡាវ ដោយការបញ្ជូននេះកូរ៉េខាងជើងអាចនិងគ្រោងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួនឡើងវិញជាមួយប្រទេសជិតខ្លួនបន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសខ្លួនមានការធ្លាក់ចុះជាខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ។
បើតាមមន្រ្តីរបស់កូរ៉េខាងត្បូងបានអះអាងថា ក្រុមមកពីគណបក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាចដឹកនាំដោយលោក Kim Song Nam សមាជិកជំនួសនៃការិយាល័យនយោបាយ និងជាប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានជួបជាមួយមេដឹកនាំលំដាប់ទីបួននៅក្នុងបក្សកុម្មុយនិស្តចិន លោក Wang Huning ក៏ដូចជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់គណបក្សលោក Liu Jianchao ផងដែរ។
វិទ្យុរដ្ឋចិនបានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងជើងដើម្បីលើកកម្ពស់មិត្តភាព ធ្វើឱ្យស៊ីជម្រៅនូវឯកភាព និងការសហការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងរួមគ្នាបង្កើតបរិយាកាសខាងក្រៅប្រកបដោយសន្តិភាព និងស្ថិរភាព។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិនមន្រ្តីកូរ៉េខាងជើង និងបន្តដំណើរទៅកាន់ប្រទេសឡាវ និងវៀតណាម៕