ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះបានចេញសេចក្តីជូនដំណឹងអំពីការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W Garment Co., Ltd.) នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ការប្រកាសនេះ ធ្វើឡើងខណៈពេលដែលកម្មករតវ៉ាបិទផ្លូវមុខរោងចក្រនៅថ្ងៃនេះ។
យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត ចាប់ពីម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៣ មីនា នៅសាលាខណ្ឌដង្កោ។
ក្រសួងការងារ ជម្រាបជូនដល់កម្មករនិយោជិត សូមភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា ទី១ ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងទី២ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕