ចិន៖ ប្រធានាធិបតីលោកស៊ីជិនភីងបានផ្ញើសារអបអរសាទរដ៏ពិសេសមួយទៅកាន់លោកពូទីនប្រធានាធិបតីរុស្សី ដែលលោកបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការជ្រើសរើសប្រធានាធិបតីរុស្សីសម្រាប់អាណត្តិថ្មីឆ្នាំ ២០២៤ នេះ។
បើតាមលោកស៊ីជិនភីង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនរុស្ស៊ីបានរួបរួមជាតែមួយ ជម្នះលើបញ្ហាប្រឈម និងធ្វើឱ្យមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរស់ឡើងវិញរបស់ជាតិ។ លោកបានចាត់ទុកការបោះឆ្នោតឡើងវិញរបស់លោកពូទីន ជាប្រធានាធិបតីរុស្ស៊ីឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការគាំទ្ររបស់ប្រជាជនរុស្ស៊ីចំពោះលោក។
សម្រាប់លោកស៊ីជិនភីង រុស្សីនឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ និងការកសាងជាតិក្រោមការដឹកនាំរបស់លោកពូទីនហើយ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-រុស្ស៊ី។ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងភាពស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ីក្នុងយុគសម័យថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕