តូក្យូ៖ គ្រាប់រ៉ុក្កែតដែលផលិតដោយក្រុមហ៊ុនជប៉ុនមួយបានផ្ទុះបន្ទាប់ពីការបាញ់បង្ហោះនៅព្រឹកថ្ងៃពុធនេះគ្រាប់រ៉ុក្កែត Kairos មានប្រវែង ១៨ម៉ែត្រ បានផ្ទុះចេញពីកន្លែងបាញ់បង្ហោះផ្ទាល់របស់ក្រុមហ៊ុន startup នៅក្នុងខេត្ត Wakayama ភាគខាងលិចប្រទេសជប៉ុន។ប៉ុន្មានវិនាទីក្រោយការបាញ់បង្ហោះ គ្រាប់រ៉ុក្កែតបានផ្ទុះឡើងជាអណ្តាតភ្លើង ដោយមានផ្សែងខ្មៅពេញតំបន់បាញ់បង្ហោះ។កំទេចកំទីដែលឆេះត្រូវបានគេឃើញធ្លាក់មកលើជម្រាលភ្នំជុំវិញ អ្នកជំនាញបានប្រើឧបករណ៍បាញ់ទឹកដើម្បីពន្លត់នៃការឆាបឆេះរបស់គ្រាប់រ៉ុក្កែត Kairos ។
ក្រុមហ៊ុនយានអវកាស Space One របស់ជប៉ុនបានឲ្យដឹងថាការបាញ់បង្ហោះរ៉ុក្កែត Kairos ដំបូងរបស់ពួកគេទទួលបានការបរាជ័យជាខ្លាំង ហើយក្រុមអ្នកជំនាញបានធ្វើការពន្លត់ភ្លើងបានសម្រេចដោយមិនមានការឆាបឆេះខ្លាំងខ្លាឡើយ ។ការបរាជ័យនេះបានបង្ហាញពីការខកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការចូលទៅក្នុងទីផ្សារការបាញ់បង្ហោះផ្កាយរណបដែលអាចរកប្រាក់ចំណេញបានរាប់ពាន់លានដុល្លារ។
ក្រុមហ៊ុន Space One ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយក្រុមអាជីវកម្មបច្ចេកវិទ្យាធំៗរបស់ជប៉ុន រួមមានក្រុមហ៊ុន Canon Electronics ក្រុមហ៊ុន IHI Aerospace ក្រុមហ៊ុនសំណង់ Shimizu និងធនាគារអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលជប៉ុន។ កាលពីខែកក្កដាឆ្នាំមុន ម៉ាស៊ីនរ៉ុក្កែតជប៉ុនមួយផ្សេងទៀតបានផ្ទុះក្នុងអំឡុងពេលសាកល្បងប្រហែល ៥០វិនាទី បន្ទាប់ពីការបាញ់បង្ហោះ។ រដ្ឋាភិបាលជប៉ុន និងអ្នកជំនាញកំពុងបើកការស្រាវជ្រាវនៃការផ្ទុះគ្រាប់រ៉ុក្កែតដែលបានបាញ់ចេញនេះ៕