ថៃ៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Srettha Thavisin បានអះអាងថាប្រទេសថៃបានទទួលការគាំទ្រពីប្រទេសបារាំងសម្រាប់ផែនការក្នុងការស្វែងរកកិច្ចព្រមព្រៀងគ្មានទិដ្ឋាការជាមួយបណ្តាប្រទេសអឺរ៉ុបនៅក្នុងតំបន់ Schengen ដោយប្រទេសទាំងពីរក៏មានបំណងពន្លឿនការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបថែមទៀតផង។ ការលើកឡើងរបស់លោកស្រេថានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយលោកម៉ាក្រុងក្នុងប្រទេសបារាំងកាលពីម្សិលមិញនេះ។
បើតាមលោក ស្រេតថា លោកបានឲ្យដឹងថាមេដឹកនាំបារាំង លោក Macron មានឆន្ទៈក្នុងការផ្តល់ជំនួយដល់ការស្នើសុំរបស់ប្រទេសថៃដើម្បីធ្វើកិច្ចព្រមព្រៀងគ្មានទិដ្ឋាការជាមួយតំបន់ Schengen លោកស្រេថា បន្តថាប្រទេសថៃ និងបារាំងអាចចាប់ផ្តើមការជំរុញរួមគ្នារបស់ប្រទេសទាំងពីរសម្រាប់គំនិតផ្តួចផ្តើមគ្មានទិដ្ឋាការមួយរយៈបន្ទាប់ពីការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ ២០២៤ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៦-៩ ខែមិថុនាខាងមុខនេះ ហើយដំណោះស្រាយអាចធ្វើទៅបាននៅចុងឆ្នាំនេះ។
សម្រាប់លោកស្រេថា កម្មវិធីគ្មានទិដ្ឋាការនឹងមិនត្រឹមតែនាំមកនូវឱកាសកាន់តែច្រើនដល់ភ្ញៀវទេសចរ និងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសសម្រាប់ប្រជាជននៃប្រទេសថៃ និងប្រទេសក្នុងតំបន់ Schengen ផងដែរហើយ ។លោក ស្រេថា ក៏បានគូសបញ្ជាក់អំពីមហិច្ឆតារបស់ប្រទេសថៃក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់នៅក្នុងវិស័យអភិវឌ្ឍន៍ចំនួនប្រាំបី៖ ទេសចរណ៍ ការថែទាំសុខភាព អាហារ កសិកម្ម អាកាសចរណ៍ ការដឹកជញ្ជូន ការផលិតយានយន្តនាពេលអនាគត សេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុ។
គួរបញ្ចាក់ថាតំបន់ Schengen គឺជាតំបន់ដែលគ្របដណ្តប់ប្រទេសអឺរ៉ុបចំនួន ២៧ ដែលបានលុបចោលការត្រួតពិនិត្យព្រំដែនជាផ្លូវការនៅព្រំដែនទៅវិញទៅមករបស់ពួកគេ។ដូចច្នេះបានន័យថាប្រសិនបើប្រទេសថៃអាចស្នើសុំការធ្វើដំណើរកម្សាន្តទៅកាន់អ៊ឺរ៉ុបដោយគ្មានទិដ្ឋាការ visa មែននោះពលរដ្ឋក្នុងប្រទេសថៃអាចនិងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអ៊ឺរ៉ុបជាច្រើនដោយពុំចាំបាច់សម្ភាស៍សុំ VISA ឡើយ៕