ទីក្រុងប៉េកាំង៖ ឧប្បត្តិហេតុដួលរលំអណ្តូងរ៉ែធ្យូងថ្មពីរដាច់ដោយឡែកពីគ្នាបានសម្លាប់មនុស្ស ១២ នាក់នៅក្នុងប្រទេសចិនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ឧបទ្ទវហេតុចុងក្រោយបង្អស់បានញាំញីឧស្សាហកម្មអណ្តូងរ៉ែធ្យូងថ្មបន្ទាប់ពីរដ្ឋាភិបាលថ្មីៗនេះបានកែសម្រួលច្បាប់សុវត្ថិភាពការរុករករ៉ែ។
យោងតាកទូរទស្សន៍ CCTV បានឲ្យដឹងថាលេណដ្ឋានធ្យូងថ្មក្រោមដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយនៅក្នុងតំបន់ Zhongyang ខេត្ត Shanxi បានដួលរលំនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនពីរនាក់។លេណដ្ឋាននេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Taoyuan Xinlong Coal Industry Co Ltd ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។
ក្នុងថ្ងៃដដែលក៏មានមនុស្ស ៧ នាក់ផ្សេងទៀតក៏ត្រូវបានរកឃើញស្លាប់ និងពីរនាក់បាត់ខ្លួនបន្ទាប់ពីការផ្ទុះឧស្ម័ននៅឯអណ្តូងរ៉ែធ្យូងថ្ម Huaihe Energy ក្នុងខេត្ត Anhui ភាគខាងកើតរបស់ប្រទេសចិន ផងដែរ។
គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅក្នុងខេត្ត Shanxi កើតឡើងបន្ទាប់ពីនិយតករសុវត្ថិភាពការជីកយករ៉ែ បានចេញសេចក្តីជូនដំណឹងមួយកាលពីខែមុនដោយប្រាប់ក្រុមអ្នកធ្វើការក្នុងអណ្តូងរ៉ែឱ្យទប់ស្កាត់ការផលិតលើសទម្ងន់ដើម្បីការពារគ្រោះថ្នាក់៕