ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា និងថៅកែរោងចក្រ បានសម្រចចេញថវិការួមគ្នា ដើម្បីជួយដល់កម្មករ កម្មការិនីរោងចក្រ សហគ្រាសមួយចំនួនដែលរងគ្រោះដោយសារតែការព្យួររោងចក្រ។នេះបើតាមការថ្លែងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថ្លែងសារពិសេសនៅវិមានសន្តិភាព នៅថ្ងៃទី២៤ កុម្ភៈ។
បើតាមសម្តេច សម្រាប់រោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម, រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០% នៃប្រាក់ខែអប្បរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា) ។
ដើម្បីបានទទួលនូវការឧបត្ថមនេះ ក្មួយៗជាកម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី ១ ទៅ ២ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស។
នេះជាវិធានការមួយក្នុងចំណោមវិធានការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីជួយដល់វិស័យកាត់ដេរនៅកម្ពុជា។
ជាមួយនេះ រដ្ឋាភិបាលក៏បានសម្រេចពិនិត្យដល់នូវការផ្តល់លើកលែងពន្ធដល់វិស័យសហគ្រាស និងរោចក្រមួយចំនួន ប្រហែលពី៦ខែ ទៅ១ឆ្នាំ។វិធានការនេះ សម្រាប់តែរោងចក្រ និងសហគ្រាសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតដោយសារខ្វះវត្ថុធាតុដើម ឬការព្យួរ EBA។
ក្រោយពីនេះ រដ្ឋបានអនុញ្ញាតឱ្យថៅកែរោងចក្រ និងសហគ្រាស មិនបង់រាក់វិភាគទានធានារាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ប.ស.ស ក្នុងពេលរោងចក្រផ្អាកអាជីវកម្ម។
គួរញ្ជាក់ថា នៅពេលខាងមុខរោងចក្រ សហគ្រាសមួយចំនួនអាចនឹងព្យួរជាបណ្តោះអាសន្ន ការព្យួរនេះ ដោយសារតែរោងចក្រនៅប្រទេសចិន មិនទាន់បើកដំណើរពេញលិញ ធ្វើឱ្យរោងចក្រ សហគ្រាសនៅកម្ពុជាប្រឈមនឹងបញ្ហាខ្វះវត្ថុធាតុដើមបង្ករផលប៉ះពាល់ខ្លះដល់វិស័យកាត់ដេរ។