ថៃ៖ រដ្ឋបាលក្រុងបាងកកបានបង្ហាញផែនការដើម្បីដាក់ពង្រាយកាំមេរ៉ាបច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីធានាបាននូវវិធានការសន្តិសុខសម្រាប់ពិធីបុណ្យ Songkran (សង្រ្កាន្តថៃ) ដែលនឹងចាប់ផ្តើមក្នុងខែក្រោយនេះ។
បើតាមលោក Pol Gen Adit Ngamjitsuksri ទីប្រឹក្សាអភិបាលក្រុងបាងកកបានឲ្យដឹងថា លោកបានបញ្ជាឱ្យនាយកដ្ឋានចរាចរណ៍ និងដឹកជញ្ជូនរបស់ថៃធ្វើការលើការដំឡើងកាំមេរ៉ា CCTV បន្ថែមទៀតនៅតាមបណ្តោយផ្លូវ Khao San ដែលជាទិសដៅកំពូលមួយសម្រាប់ភ្ញៀវទេសចរដែលមកទស្សនារដ្ឋធានីក្នុងឪកាសពិធីបុណ្យសង្រ្កាន្តខាងមុខនេះ។លោកបន្តថាតំបន់ផ្លូវដ៏ធំនេះនឹងបម្រើដល់ការជួបជុំដ៏ធំរបស់ភ្ញៀវបរទេសភាគច្រើន ដែលមកតំបន់នេះ ដោយកាលពីឆ្នាំមុន មានអ្នកទស្សនាយ៉ាងហោចណាស់ ១០ ម៉ឺននាក់បានចូលរួមពិធីបុណ្យសង្ក្រាន្តនៅតំបន់នោះ។
ដោយឡែកអភិបាលរងក្រុងបាងកកលោក Wisanu Subsompon បានគូសបញ្ជាក់ថាលោកគ្រោងនឹងដាក់កាមេរ៉ាយ៉ាងហោចណាស់ ១៧,០០០ គ្រឿងបន្ថែមទៀតនៅតាមដងផ្លូវសំខាន់ៗ ហើយភ្ជាប់ពួកវាជាមួយឧបករណ៍ដែលបានដំឡើងរួចហើយដើម្បីទទួលបានប្រសិទ្ធភាពកាន់តែច្រើនក្នុងការការពារសុវត្ថិភាពភ្ញៀវទេសចរដែលមកចូលរួមសង្រ្កាន្តក្នុងប្រទេសថៃក្នុងខែមេសាខាងមុខនេះ។
គួរបញ្ចាក់ថាព្រឹត្តិការណ៍ដែលរៀបចំដោយអាជ្ញាធរទេសចរណ៍ថៃ (សង្រ្កាន្តថៃ) បានជ្រើសរើសកញ្ញា Anntonia Porsild ដែលជាម្ចាស់ជ័យលាភីលេខ១ នៃបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ សម្រាប់តំណែងដើរតួជាទេពធីតាសង្ក្រាន្តឆ្នាំនេះ៕