អាម៉េរិក៖ ក្រុមហ៊ុន Meta រួមមាន Facebook, Instagram និង Messenger បានទទួលរងនូវ "បញ្ហាបច្ចេកទេស" ដែលធ្វើអោយអ្នកប្រើប្រាស់មិនអាចចូល ផ្ញើ ឬទទួលសារ ឬពិនិត្យមើលការបង្ហោះចុងក្រោយបំផុតដែលចែករំលែកដោយមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនកាលពីយប់មិញនេះ ដោយបញ្ហានេះបានជាប់គាំងប្រមាណជាង ២ម៉ោង ដែលធ្វើឲ្យភាគហ៊ុន Facebook មានការថយចុះ និងខាតបង់អស់ទឹកប្រាក់ជាច្រើនពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស GB News បានចេញផ្សាយ។
ក្រុមហ៊ុនមេ Meta ដែលដឹកនាំដោយសហស្ថាបនិក Facebook លោក Mark Zuckerberg បានខាតបង់ភាគហ៊ុន ១.៥% នៃតម្លៃរបស់ខ្លួន សមាមាត្រនៃអ្នកប្រើប្រាស់ ៣.៩៨ ពាន់លាននាក់របស់ខ្លួននៅទូទាំងពិភពលោកបន្ទាប់ពីរងភាពរអាក់រអួលហើយមិនអាចចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនបានកាលពីយប់មិញនេះ នោះមានន័យថាស្មើនឹង ១៨ ពាន់លានដុល្លារ ប្រហែល ១៤ ពាន់លានផោនត្រូវបានខាតបង់បន្ទាប់ពីជាប់គាំងជាង២ម៉ោងកាលពីយប់មិញនេះ។
បើតាមលោក Andy Stone អ្នកនាំពាក្យ Meta បានបញ្ជាក់នៅក្នុងសារបង្ហោះលើបណ្តាញសង្គម X ថា បញ្ហាបច្ចេកទេសបានធ្វើឱ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង យើងកំពុងនឹងព្យាយាមដោះស្រាយបញ្ហាដែលកំពុងជាប់គាំង។ លោកបន្តថាកាលពីដើមខែនេះអ្នកប្រើប្រាស់ Facebook មួយចំនួនក៏ជួបពញ្ហារអាក់រអួល ហើយក្នុង Messenger មិនអាចផ្ញើ ឬទទួលសារ ឬធ្វើការហៅជាសំឡេង ឬវីដេអូបានឡើយ ហើយបញ្ហាទាំងនេះក្រុមការងារ Facebook កំពុងតែធ្វើការកំណែទម្រង់ Update ថ្មី៕