សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាជាសាធារណៈដល់វេជ្ជបណ្ឌិតដែលកំពុងតែផ្អាកការងាររបស់ខ្លួនចេញបាតុកម្មប្រឆាំងរដ្ឋាភិបាលកូរ៉េឲ្យចូលបម្រើការងារវិញជាបន្ទាន់។ ការចេញបញ្ជានេះធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺជាច្រើនកំពុងតែរងចាំវេជ្ជបណ្ឌិតមកធ្វើការព្យាបាលពួកគេវិញ ក្រោយពីក្រុមវេជ្ជបណ្ឌិតទាំងនោះបាននាំគ្នាផ្អាកការងារ និងចេញប្រឆាំងជាមួយរដ្ឋាភិបាលជុំវិញនៃការលើកកម្ពស់ឲ្យនិស្សិតចូលរៀនផ្នែកពេទ្យជាច្រើននាក់ ចំពេលជំនាញដទៃទៀតកំពុងតែខ្វះធនធានជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង។
ការជូនដំណឹងផ្លូវច្បាប់ជាសាធារណៈគឺជាសញ្ញាចុងក្រោយបង្អស់នៃជំហររឹងរូសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះគ្រូពេទ្យសិក្ខាកាមដែលចូលរួមក្នុងការដើរចេញ ឬរិះគន់ផែនការកំណែទម្រង់ថ្មីនេះរបស់រដ្ឋាភិបាលកូរ៉េខាត្បូង។ ក្រសួងសុខាភិបាលបានបង្ហោះលើគេហទំព័ររបស់ខ្លួននូវលេខអាជ្ញាប័ណ្ណ និងមន្ទីរពេទ្យរបស់វេជ្ជបណ្ឌិតចំនួន ១៣ នាក់ ដោយបញ្ជាឱ្យពួកគេត្រឡប់ទៅធ្វើការវិញ ឬអាចត្រូវព្យួរអាជ្ញាប័ណ្ណ ឬប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។
រដ្ឋាភិបាលកូរ៉េខាត្បូងបានព្រមានឲ្យក្រុមវេជ្ជបណ្ឌិតត្រលប់មកធ្វើការវិញ ឬប្រឈមនឹងការពិន័យ ប៉ុន្តែទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថាជាង ២ ភាគ ៣ នៃគ្រូពេទ្យសិក្ខាកាម ឬជិត ៩,០០០នាក់ មិនបានអើពើនឹងការហៅឱ្យចូលធ្វើការវិញឡើយ។ក្រុមវេជ្ជបណ្ឌិតគ្រោងធ្វើមហាបាតុកម្មនៅថ្ងៃអាទិត្យបន្ត ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រចំនួនរបស់និស្សិត២,០០០នាក់បន្ថែមទៀត៕