ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី អ៊ាត សោភា ជារដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សាសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី។
យោងតាម មាត្រា១ នៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកស្រី អ៊ាត សោភា ពីឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក ឱ្យចូលប្រទេសវិញ។
មាត្រា២ នៃព្រះរាជក្រឹត្យដដែលនេះ បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រី អ៊ាត សោភា ជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គួរបញ្ជាក់ថា ក្រោយបំពេញបេសកកម្មការទូតប្រមាណជាង ១ឆ្នាំ នៅទីក្រុងញូវយ៉ក នៅពេលនេះ លោកស្រី អ៊ាត សោភា ត្រូវបានបញ្ចប់តំណែងពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដោយត្រូវជំនួសមកវិញនូវតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស។
លោកស្រី អ៊ាត សោភា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០២២ ដែលមុនការតែងតាំងនេះ លោកស្រី ក៏ធ្លាប់មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេសដែរ។ លោកស្រី អ៊ាត សោភា គឺជាអ្នកការទូតស្រ្តីចាស់វស្សាមួយរូប ដែលបានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៥។
ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ អស់រយៈពេលប្រមាណ៣ឆ្នាំ និងធ្លាប់ធ្វើជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ផងដែរ៕