ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិចថា ពួកគេប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើពួកគេបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនហើយទីក្រុងមូស្គូមានអាវុធសម្រាប់វាយប្រហារលើគោលដៅនៅលោកខាងលិចជាច្រើនទីតាំង។
ថ្លែងទៅកាន់សមាជិកសភា និងសមាជិកដទៃទៀតនៃឥស្សរជនរបស់ប្រទេសរុស្សីកាលពីល្ងាចម្សិលមិញនេះ លោក ពូទីន ដែលមានវ័យ ៧១ ឆ្នាំបានអះអាងថាលោកខាងលិចកំពុងមើលងាយរុស្ស៊ី ហើយចាត់ទុកកងកម្លាំងរុស្សីកំពុងតែធ្លាក់ក្នុងសភាពទន់ខ្សោយ លោកក៏បានព្រមានថាប្រសិនបើលោកខាងលិច និងក្រុមណាតូនៅតែបន្តបញ្ជូនសព្វាវុធ និងទាហានជួយអ៊ុយក្រែនទៀតនោះលោកមិនហានធានាថារុស្សីនិងមិនប្រើនុយក្លេអ៊ែរឡើយ។
សម្រាប់ពូទីនប្រទេសលោកខាងលិច ត្រូវតែដឹងថា យើងក៏មានអាវុធដែលអាចវាយប្រហារគោលដៅនៅលើទឹកដីរបស់ពួកគេជាច្រើនទីតាំងផងដែរ ហើយប្រសិនបើនុយក្លេអ៊ែរផ្ទុះមែនពិភពលោកនេះនិងប្រែប្រួលជាក់ជាមិនខានឡើយ។ ថ្លែងនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ១៥-១៧ ខែមីនា លោកបានកោតសរសើរចំពោះការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរទំនើបរបស់រុស្ស៊ី ដែលជាឃ្លាំងធំបំផុតក្នុងពិភពលោក។លោកបាននិយាយថា "កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្រគឺស្ថិតនៅក្នុងស្ថានភាពនៃការត្រៀមខ្លួនពេញលេញ" ហើយអាវុធនុយក្លេអ៊ែរដែលមានល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ត្រូវបានដាក់ពង្រាយ ឬស្ថិតក្នុងដំណាក់កាលដែលការអភិវឌ្ឍន៍ និងការធ្វើតេស្តកំពុងត្រូវបានបញ្ចប់។លោក ពូទីន បានស្នើឱ្យអ្នកនយោបាយលោកខាងលិច រំលឹកឡើងវិញនូវជោគវាសនារបស់ពួកណាស៊ី អាល្លឺម៉ង់ អាដុល ហ៊ីត្លែរ និង ណាប៉ូឡេអុង បូណាផាត របស់បារាំង ដែលបានលុកលុយរុស្ស៊ីមិនជោគជ័យកាលពីអតីតកាល។ លោក ពូទីនបន្តថា ៖ «ប៉ុន្តែឥឡូវនេះ ផលវិបាកនឹងកាន់តែសោកនាដកម្មទៅទៀតប្រសិនបើនុយក្លេអ៊ែរផ្ទុះឡើង។
គួរបញ្ជាក់ថាសង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ។ កន្លងមក លោក ពូទីន ធ្លាប់បាននិយាយអំពីគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី ប៉ុន្តែការព្រមាននុយក្លេអ៊ែររបស់លោកកាលពីថ្ងៃព្រហស្បតិ៍ គឺជារឿងមួយដែលច្បាស់លាស់បំផុតរបស់ពូទីនចាប់តាំងពីសង្រ្គាមបានផ្ទុះ៕