ប៉េកាំង៖ យ៉ាងហើចណាស់មានមនុស្សយ៉ាងតិច ១៥នាក់បានស្លាប់ និង ៤៤នាក់បានរងរបួសបន្ទាប់ពីអគ្គិភ័យមួយបានឆាបឆេះនៅឯអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងណានជីង ភាគខាងកើតប្រទេសចិន។អគ្គីភ័យបានឆាបឆេះនៅព្រឹកថ្ងៃសុក្រនេះ មន្ត្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយនឹងការស៊ើបអង្កេតបឋមដែលបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមនៅជាន់ទីមួយនៃអគារ ដែលជាកន្លែងដាក់កង់អគ្គិសនី។ អគារនេះមានទីតាំងនៅសង្កាត់ Yuhuatai នៃទីក្រុង Nanjing ដែលជាទីក្រុងមានពលរដ្ឋរស់នៅជាងប្រាំបីលាននាក់ ដែលស្ថិតនៅចម្ងាយប្រហែល ២៦០km ភាគពាយព្យនៃទីក្រុងសៀងហៃ។
មន្រ្តីចិនបានឲ្យដឹងថារថយន្តពន្លត់អគ្គីភ័យចំនួន ២៥ គ្រឿងត្រូវបានចល័តដើម្បីពន្លត់ភ្លើង។វីដេអូដែលចែកចាយនៅលើបណ្ដាញសង្គមចិន បានបង្ហាញអគារខ្ពស់មួយត្រូវបានភ្លើងឆេះនៅពាក់កណ្តាលអធ្រាត្រ ដោយមានផ្សែងខ្មៅហុយចេញពីវា។រូបភាពផ្សេងទៀតបង្ហាញពីអណ្តាតភ្លើងដ៏មហិមាដែលកំពុងលេបត្របាក់អគារជាច្រើនជាន់។
ក្រុមមន្ត្រីបាននិយាយថា អ្នករងរបួសចំនួន ៤៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ដោយ ម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈម្នាក់ទៀតរបួសធ្ងន់។នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលក្រុងលោក Chen Zhichang បានចូលរួមរំលែកទុក្ខ និងសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះ៕