រុស្សី៖ អាជ្ញាធររុស្ស៊ីបានគំរាមបញ្ចុះសពលោក Alexei Navalny នៅលើមូលដ្ឋាននៃអាណានិគមនៃគុក Arctic ជាកន្លែងដែលលោកបានស្លាប់បន្ទាប់ពីបានជាប់គុក៣ឆ្នាំក្នុងបទល្មើសដែលតម្រូវឲ្យលោកជាប់គុក ១៩ឆ្នាំ។ ការគំរាមកប់សពលោកក្នុងគុកនេះធ្វើឡើងប្រសិនបើគ្រួសាររបស់លោកមិនយល់ព្រមធ្វើពិធីបុណ្យសពដែលស្ងប់ស្ងាត់និងមិនអញ្ចើញអ្នកចូលរួមចូលក្នុងពិធីបុណ្យសពលោក។
មេបក្សប្រឆាំងរុស្សី និងជាអ្នករិះគន់វិមានក្រឹមឡាំងដ៏ខ្លាំងម្នាក់គឺលោក Navalny មានវ័យ ៤៧ ឆ្នាំបានស្លាប់កាលពីសប្តាហ៍មុនបន្ទាប់ពីចំណាយពេលជាង ៣ ឆ្នាំបន្ទាប់បានជាប់គុកក្នុងប្រទេសរុស្សីដោយរងការចោទប្រកាន់ពីវិមានក្រឹមឡាំង។ឥស្សរជន និងសកម្មជនវប្បធម៌ឈានមុខរបស់រុស្ស៊ីជាច្រើននាក់បានអំពាវនាវឱ្យអាជ្ញាធរដោះលែងសាកសពនិងប្រគល់ឲ្យម្តាយលោក Navalny យកទៅបូជា ក៏ប៉ុន្តែការស្នើសុំទាំងនោះត្រូវបានអាជ្ញាធររុស្សីច្រានចោល។
អ្នកនាំពាក្យរបស់លោក Navalny លោកស្រី Kira Yarmysh បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា "មួយម៉ោងមុនអ្នកស៊ើបអង្កេតបានទូរស័ព្ទទៅម្តាយរបស់ Alexei ហើយបានផ្តល់ឱសានវាទដល់ម្តាយលោក" ដោយម្តាយលោកមានពេលបីម៉ោងដើម្បីយល់ព្រមក្នុងការរៀបចំពិធីបុណ្យសពសម្ងាត់ដោយគ្មានការជួបជុំជាសាធារណៈ បើមិនដូច្នេះទេសពលោក Alexei នឹងត្រូវបញ្ចុះនៅក្នុងអាណានិគមនៃគុករុស្សីដែលលោកបានជាប់"។ ម្តាយរបស់លោក Navalny "បានបដិសេធមិនចរចាដោយសារតែពួកគេគ្មានសិទ្ធិអំណាចក្នុងការសម្រេចចិត្តអំពីរបៀបនៃបញ្ចុះសាកសពរបស់កូនលោកស្រីឡើយ។
ក្រុមរបស់លោក Navalny បាននិយាយថា វិមានក្រឹមឡាំង “ភ័យខ្លាច” មេដឹកនាំបក្សប្រឆាំង សូម្បីតែបន្ទាប់ពីការស្លាប់របស់លោកក៏ដោយ។ពួកគេជឿថា អាជ្ញាធរមិនចង់ឃើញពិធីបុណ្យសពរបស់លោកត្រូវបានប្រារព្ធជាសាធារណៈនោះទេ ព្រោះថាវានឹងតំណាងឱ្យការបង្ហាញពីការគាំទ្រដល់ចលនារបស់លោក Navalny ប្រឆាំងនឹងប្រធានាធិបតី Vladimir Putin៕