ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានចេញព្រះរាជក្រិត្យ តែងតាំង លោក ឯម ច័ន្ទមករា ជា «រដ្ឋលេខាធិការក្រសួងយុត្តិធម៌»។ជាការតែងតាំងធ្វើឡើងក្រោយពីលោកដាក់ពាក្យលាឈប់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក ឯម ច័ន្ទមករា បម្រើការងារជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។លោកទទួលការងារនេះអស់រយៈពេលជាង១២ឆ្នាំមកហើយ បានខិតខំ បម្រើកិច្ចការក្នុងវិស័យពិការភាពដោយទទួលបានជោគជ័យជាបន្តបន្ទាប់។
ទាក់ទងនឹងការសម្រេចចិត្តចាកចេញពីក្រសួងសង្គមកិច្ចនេះ លោក ឯម ច័ន្ទមករា ពន្យល់ថា ទុកឱកាសជូនមន្ត្រីបន្តវេននៅក្រសួងសង្គមកិច្ចដែលមាន សមត្ថភាពដើម្បីជួយក្នុងវិស័យពិការភាព និងមានគោលបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ ទៅបម្រើកិច្ចការនៅក្រសួងយុត្តិធម៌ស្របតាមចំណេះជំនាញ និងសញ្ញាបត្ររបស់ខ្លួន។