ភ្នំពេញ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ នេះ ជាកម្មវិធីបែបវប្បធម៌ដ៏ធំបំផុតមួយក្នុងចំណោមកម្មវិធីវប្បធម៌រួមគ្នារវាងកម្ពុជា និងជប៉ុន ពិសេសនោះក្នុងឆ្នាំ២០២៤ នេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក៏នឹងប្រារព្ធខួប២០ឆ្នាំ ស្របជាមួយមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៣ នេះផងដែរ។
នៅក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា កាលពីថ្ងៃទី២២ កុម្ភៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ មានប្រសាសន៍ថា មហោស្រពគីហ្សូណា បង្កប់នូវអត្ថន័យពិសេសដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុន ស្របតាមអត្ថន័យប្រធានបទនៃមហោស្រពគីហ្សូណាឆ្នាំនេះ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលហាក់រំឮកយើងថាទន្ទឹមនឹងការជាប់ចិត្តនឹងអតីតកាលយើងក៏ត្រូវតែទទួលយកឱកាសនៅខាងមុខ ដែលនេះគូសបញ្ជាក់ពីសកម្មភាពជាច្រើនដែលកម្ពុជា-ជប៉ុននឹងធ្វើរួមគ្នានាពេលនេះ ក៏ដូចជារក្សាទំនាក់ទំនងបន្តទៅកាន់ពេលអនាគតកាល។
ជាមួយនេះដែរ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាក្នុងរយៈពេល ២ទស្សវត្ស មកនេះ CJCCបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន។ ជាពិសេស រដ្ឋាភិបាលជប៉ុន ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាក្នុងឆ្នាំ២០២៣ នឹងឈានទៅសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នាបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។
សូមបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាការជំរុញការផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍សិល្បៈវប្បធម៌ម្ហូបអាហាររវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងជប៉ុន៕