ចិន៖យ៉ាងហោចណាស់ មានមនុស្សពីរនាក់បានស្លាប់ និង៣នាក់ផ្សេងទៀត បានបាត់ខ្លួនបន្ទាប់ពីកប៉ាល់មួយគ្រឿងបានបុកជាមួយស្ពានឆ្លងផ្លូវទឹកក្នុងតំបន់ដីសណ្តទន្លេ Pearl River របស់ប្រទេសចិន នៅជិតទីក្រុងក្វាងចូវ បណ្តាលឲ្យផ្នែកខ្លះនៃស្ពានបាក់ ហើយមានរថយន្តមួយចំនួនបានធ្លាក់ចូលទៅក្នុងទឹក ។
យោងតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋចិន CCTV បានរាយការណ៍ថា កប៉ាល់នោះកំពុងធ្វើដំណើរពីទីក្រុង Foshan ទៅកាន់សង្កាត់ភាគខាងត្បូងនៃទីក្រុងក្វាងចូវ ប្រទេសចិន ពេលកំពុងធ្វើចរាចរណ៍វាក៏បានបុកជាមួយសសរស្ពានពេញមួយទំហឹងនៅម៉ោងប្រមាន៥ព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះ។
ក្រោយមុខភ្លាមផ្នែកមួយនៃកំណាត់ផ្លូវរបស់ស្ពាន បានដាច់ធ្លាក់ចូលក្នុងទឹក ហើយរាល់ចរាចរណ៍លើស្ពានត្រូវបានផ្អាក។ក្នុងហេតុការណ៍នោះ រថយន្តពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទឹក ខណៈម៉ូតូអគ្គិសនី១គ្រឿង និង រថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីលើស្ពានទៅទើរលើកប៉ាល់។
យោងតាមលទ្ធផលបឋមដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានរាយការណ៍ថា មានមនុស្សពីរនាក់បានស្លាប់ សមាជិកនាវិកម្នាក់បានរងរបួស និងពីរនាក់ទៀតត្រូវបានជួយសង្គ្រោះ ខណៈបីនាក់ទៀតនៅតែបាត់ខ្លួន។បច្ចុប្បន្ន អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះ៕