វៀតណាម៖ វៀតណាមគ្រោងនិងបញ្ជូនពលករចំនួន ១២៥,០០០ នាក់ទៅធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យានៅឆ្នាំ ២០២៤ ជាមួយបណ្តាលប្រទេសមួយចំនួនដូចជាប្រទេសជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង។ លោក Nguyen Nhu Tuan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រោមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថាកម្មករវៀតណាមប្រមាណ ៦៣.០០០នាក់ ត្រូវបានគេរំពឹងថានឹងបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន ៤៨.០០០នាក់ ទៅតៃវ៉ាន់ និង ៨.៥០០នាក់ និងមួយចំនួនទៀតទៅកូរ៉េខាងត្បូង។លោក Tuan បាននិយាយថា វៀតណាមនឹងផ្តល់អាទិភាពដល់ការបញ្ជូនកម្មករទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលយកការងារប្រកបដោយសុវត្ថិភាព ដែលនាំមកនូវប្រាក់ចំណូលខ្ពស់ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋវៀតណាម។
វៀតណាមក៏នឹងពង្រឹងគុណភាពពលករដែលបញ្ជូនទៅក្រៅប្រទេស និងផ្តល់អាទិភាពដល់ការបញ្ជូនពលករពីតំបន់ជួបការលំបាក និងស្វែងរកការងារសមរម្យជូនពលរដ្ឋរបស់ខ្លួនឲ្យត្រូវតាមស្តង់ដាការងារ។ លោក Nguyen Nhu Tuan បន្តថា ក្រសួងគ្រោងពង្រីកទីផ្សារការងារដែលផ្តល់ប្រាក់ចំណូលខ្ពស់ និងជ្រើសរើសការងារដែលពាក់ព័ន្ធនឹងជំនាញរបស់ពលករវៀតណាម។ ហើយការបញ្ជូនពលករទៅក្រៅប្រទេស មិនមែនគ្រាន់តែជាការបង្កើតការងារ និងប្រាក់ចំណូលដល់កម្មករ បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសនាពេលអនាគតផងដែរ។
គួរបញ្ជាក់ថាក្នុងឆ្នាំ២០២៣ វៀតណាមបានបញ្ជូនពលករជាង១៥៩.០០០នាក់ទៅបរទេសក្រោមកិច្ចសន្យាដែលសម្រេចបាន១៣៣,៣%នៃផែនការប្រចាំឆ្នាំ។នេះជាចំនួនពលករវៀតណាមដែលធ្វើការនៅបរទេសច្រើនជាងគេក្នុងរយៈពេលជាង១០ឆ្នាំ។ទីផ្សារការងារអន្តរជាតិបានបន្តទទួលពលករវៀតណាមយ៉ាងច្រើនកុះករ ដោយជប៉ុនទទួលបានកម្មករជាង ៨ម៉ឺននាក់ តៃវ៉ាន់ជាង ៥៨ ០០០នាក់ និងកូរ៉េខាងត្បូងជាង ១១ពាន់នាក់៕