អ៊ីតាលី៖ កសិករអ៊ីតាលី បានរៀបចំការតវ៉ានៅទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប ដោយទាមទារឱ្យរដ្ឋាភិបាលអ៊ីតាលីឆ្លើយតបទៅនឹងផលប៉ះពាល់ក្នុងការធ្លាក់ចុះតម្លៃកសិកម្មរបស់ពួកគេ ចំពេលដែលតម្លៃវត្ថុធាតុដើមមានការកើនឡើងដែលបង្ករឲ្យកសិករមានការព្រួយបារម្ភចំពោះដំណើរការកសិកម្ម។
មនុស្សរាប់ពាន់នាក់ទូទាំងប្រទេសអ៊ីតាលី និងមន្ត្រីរដ្ឋាភិបាលមួយចំនួនមកពីតំបន់កសិកម្មបានជួបជុំគា្នក្នុងទីក្រុងរ៉ូម ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយបរិស្ថានថ្មីរបស់សហភាពអឺរ៉ុប និងការនាំចូលផលិតផលកសិកម្មទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុបពីខាងក្រៅ។ ទោះបីជារដ្ឋាភិបាលអ៊ីតាលី បានយល់ព្រមផ្តល់មូលនិធិបន្ថែមដល់កសិករ និងមានលក្ខខណ្ឌកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់កសិករក្នុងរយៈពេល ២ឆ្នាំក៏ដោយ ប៉ុន្តែកសិករមួយចំនួនធំនៅតែមិនពេញចិត្តចំពោះបញ្ហានេះ ដោយជឿថាវិធីសាស្រ្តបែបនេះមិនអាចដោះស្រាយការលំបាករបស់ពួកគេបានឡើយ។
គួរបញ្ជាក់ថា វិស័យកសិកម្មជាប្រធានបទដ៏រសំខាន់មួយសម្រាប់កសិករអ៊ីតាលីបច្ចុប្បន្ន ដោយសារការជួប្រទះបញ្ហាការកើនឡើងនៃតម្លៃវត្ថុយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យកសិករបាត់បង់ចំណូលខ្ពស់ ខណៈតម្លៃផលិតផលកសិកម្មរបស់ក្រុមកសិករកំពុងជួបប្រទះបញ្ហាធ្លាក់ចុះដោយសារគោលនយោបាយការពារបរិស្ថានរបស់រដ្ឋាភិបាល៕