
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៣១ សីហានេះ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ការពារខ្លួរចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
តាមរយៈទំព័រហ្វេសប៊ុនផ្លូវការរបស់សម្តេចនៅថ្ងៃនេះ សម្តេចបានគូសបញ្ជាក់ថា "នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ"។
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) ថ្ងៃនេះ គឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាវិញមកដល់នេះមានអ្នកឆ្លងសរុប 274នាក់ បានជាសះស្បើយចំនួន266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់៕